Cambodia Trending Close

សម្តេចធិបតី ហ៊ុន ម៉ាណែត សន្ទនាតាមទូរស័ព្ទជាមួយ លោក Anthony Albenese នាយករដ្ឋមន្រ្តីអូស្រ្តាលី អបអរសាទរចំពោះលទ្ធផលជោគជ័យ នៃបោះឆ្នោត

ដោយ៖ Kosal Sean ​​ | ថ្ងៃអង្គារ ទី៦ ខែឧសភា ឆ្នាំ២០២៥ សង្គម
សម្តេចធិបតី ហ៊ុន ម៉ាណែត សន្ទនាតាមទូរស័ព្ទជាមួយ លោក Anthony Albenese នាយករដ្ឋមន្រ្តីអូស្រ្តាលី អបអរសាទរចំពោះលទ្ធផលជោគជ័យ នៃបោះឆ្នោត សម្តេចធិបតី ហ៊ុន ម៉ាណែត សន្ទនាតាមទូរស័ព្ទជាមួយ លោក Anthony Albenese នាយករដ្ឋមន្រ្តីអូស្រ្តាលី អបអរសាទរចំពោះលទ្ធផលជោគជ័យ នៃបោះឆ្នោត

ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសន្ទនាតាមទូរស័ព្ទជាមួយ​លោក Anthony Albenese នាយករដ្ឋមន្រ្តីអូស្រ្តាលី ដើម្បីសម្តែងការ​អបអរសាទរ​ចំពោះលទ្ធ​ផលជោគ​ជ័យនៃការបោះឆ្នោតសហព័ន្ធ។

តាមរយៈបណ្តាញសង្គម នាថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥នេះ សម្តេចធិបតី បង្ហាញខ្លឹមសារថា “នារសៀលនេះ ខ្ញុំបានសន្ទនាជាមួយឯកឧត្តម Anthony Albenese នាយករដ្ឋមន្ត្រី​អូស្ត្រាលីតាមទូរសព្ទ ដើម្បីសម្ដែងការអបអរសាទរជាមួយនឹងជោគជ័យដ៏ត្រចះត្រចង់របស់គណបក្សពលករអូស្ត្រាលី (Australian Labor Party) របស់ឯកឧត្តម ក្នុងការបោះឆ្នោតសហព័ន្ធ កាលពីថ្ងៃសៅរ៍ទី ៣ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តទៀតថា លទ្ធផលនៃការបោះឆ្នោតនេះបានបញ្ជាក់យ៉ាងច្បាស់ថា ប្រជាពលរដ្ឋអូស្ត្រាលី មានជំនឿជឿជាក់យ៉ាងមុតមាំលើការដឹកនាំរបស់ឯកឧត្តម Anthony Albeneses និងបន្តគាំទ្រឯកឧត្តមធ្វើជានាយករដ្ឋមន្ត្រី ដើម្បីដឹកនាំរដ្ឋាភិបាល កសាងសមិទ្ធផលបន្ថែមទៀតជូនប្រជាពលរដ្ឋអូស្ត្រាលី”។

សម្តេចបានសង្កត់បន្ថែមទៀតថា “ខ្ញុំមានជំនឿជឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ឯកឧត្តម ប្រទេសយើងទាំងពីរនិងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យកាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីជាផលប្រយោជន៍រួមរបស់ប្រទេសនិងប្រជាជនកម្ពុជានិងអូស្ត្រាលី”។

គួរបញ្ជាក់ថា គណបក្សពលករ (Labor Party) បាននាំ​មុខក្នុងការបោះឆ្នោតសកល នាថ្ងៃសៅរ៍ ទី៣ ខែឧសភា ឆ្នាំ ២០២៥ ដោយលោក Anthony Albanese នឹងបន្តកាន់តំណែងជានាយក​រដ្ឋ​មន្រ្តី​នៅអាណត្តិថ្មី។ ភ្លាមៗក្រោយប្រកាសលទ្ធផលមេដឹកនាំគណបក្សអភិរក្សនិយម ដែលជាបក្សប្រឆាំងរបស់ប្រទេសអូស្ត្រាលី លោក Peter Dutton បាននិយាយថា លោក​បានបាត់បង់អាសនៈនៅក្នុងសភា ហើយយទទួលស្គាល់ថា​ចាញ់នៅក្នុងការ​បោះឆ្នោត​សកល​នាថ្ងៃសៅរ៍នេះ។ លទ្ធផលនេះគឺជាប្រវត្តិសាស្ត្រសម្រាប់គណបក្សពលករ របស់ លោក Anthony Albanese ដែលជាបក្សកាន់អំណាច។ តាមគេហទំព័រគណៈកម្មការរៀបចំការបោះឆ្នោតអូស្ត្រាលី គណបក្សពលករអាច​នឹងទទួលបាន ៨១អាសនៈ ក្នុងចំណោមអាសនៈចំនួន ១៥០នៅក្នុងសភា។ ពលរដ្ឋស្ត្រាលី ៨លាននាក់ ក្នុងចំណោមអ្នកមានសិទ្ធិបោះឆ្នោត ១៨លាននាក់បានបោះឆ្នោតរួចទៅហើយ នៅមុនការបោះឆ្នោតថ្ងៃសៅរ៍នេះ។ នៅអូស្ត្រាលី ការបោះឆ្នោតគឺជាកាតព្វកិច្ចខានមិនបានមួយកំណត់ដោយច្បាប់សម្រាប់ពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត ហើយអ្នកដែលមិនបានបំពេញករណីកិច្ចមួយនេះនឹងត្រូវពិន័យជាប្រាក់ ២០ដុល្លារអូស្ត្រាលី ឬស្មើនឹង១៣ដុល្លារអាមេរិក ដែលនេះបានជំរុញឱ្យអត្រាអ្នកចូលរួមក្នុងការបោះឆ្នោតអាចមានដល់ ៩០ភាគរយ៕

អត្ថបទទាក់ទង