
អន្តរក្រសួង ប្រជុំវាយតម្លៃផលប៉ះពាល់បរិស្ថាន គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបកណ្តាល
ភ្នំពេញ៖ នៅទីស្តីការក្រសួងបរិស្ថាន លោក ទា ជុប រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានដឹកនាំកិច្ចប្រជុំអន្តរក្រសួងស្តីពីការពិនិត្យ និងផ្តល់យោបល់លើរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានពេញលេញ (EIA) សម្រាប់គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបកណ្តាល ដែលមានទីតាំង ស្ថិតនៅក្នុងភូមិសាស្រ្តភូមិដើមឫស ភូមិទន្សាយកៀច ភូមិសាម៉រ ភូមិអន្លង់ព្រីង និងភូមិទែន ឃុំដើមឫស ស្រុកកណ្ទាលស្ទឹង ខេត្តកណ្តាល។
គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសនេះ ជារបស់ក្រុមហ៊ុន ROYAL GROUP KANDAL SEZ CO.,LTD. (ម្ចាស់ គម្រោង) ដែលកិច្ចប្រជុំនេះក៏មានការចូលរួមតំណាងពីអន្តរក្រសួងដែលពាក់ព័ន្ធ រដ្ឋបាលខេត្តកណ្តាល មន្ទីរបរិស្ថាន ខេត្តកណ្តាល នាយកដ្ឋានវាយតម្លៃហេតុប៉ះពាល់បរិស្ថាន ជាលេខាធិការដ្ឋាន តំណាងក្រុមហ៊ុនម្ចាស់គម្រោង និងក្រុមហ៊ុន ទីប្រឹក្សា GREEN ASSESSMENT CO., LTD. នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥៕
