
ស្នងការនគរបាលរាជធានីភ្នំពេញ បញ្ជាឲ្យកសាងសំណុំរឿងបញ្ជូន វរសេនីយ៍ឯក ហ៊ុន ហេង ទៅតុលាការ ក្នុងករណីបើករថយន្តបង្កឲ្យមនុស្សស្លាប់ និងរបួសនៅខណ្ឌចំការមន

ភ្នំពេញ៖ តាមបទបញ្ជាផ្ទាល់របស់ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ករណីគ្រោះថ្នាក់ចរាចរណ៍នៅលើកំណាត់ផ្លូវនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន បណ្តាលឲ្យជនរងគ្រោះម្នាក់ស្លាប់ និងរងរបួសធ្ងន់និងស្រាល៥នាក់នោះ អ្នកបើករថយន្តដែលជាមន្ត្រីនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
គួរបញ្ជាក់ថា តាមរបាយការណ៍របស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៦ឧសភានេះថា អ្នកបើករថយន្ដបង្កគ្រោះថ្នាក់ចរាចរណ៍បុករះនៅមុខក្រសួងមហាផ្ទៃ បណ្ដោយផ្លូវព្រះនរោត្ដម ក្នុងសង្កាត់ទន្លបាសាក់ ខណ្ឌចំការមន ជាមន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានសមត្ថកិច្ចជំនាញចរាចរណ៍កំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់។
លោកវរសេនីយ៍ឯក ហ៊ុន ហេង ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើករថយន្ដម៉ាក LEXUS RX400H បុករះម៉ូតូកង់បីចំនួន ០៣គ្រឿង ម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង បណ្ដាលឲ្យមានអ្នកស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល៥នាក់។ តាមរបាយការណ៍របស់ក្រុមការងារប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អ្នកបើកបររថយន្តបង្ក បើកបរលឿនខ្វះការប្រុងប្រយ័ត្ន និងបើកបរមានជាតិស្រវឹងមានអត្រាជាតិអាល់កុល0.35mg/L៕
