
សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៣នាក់ ជាប់ពាក់ពន្ធ័ករណីធាក់ប្លន់យកម៉ូតូ នៅស្តុបបាគូ ខណ្ឌដង្កោ
ភ្នំពេញ៖ យោងតាមរបាយការណ៍របស់សមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥នេះថា កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតស្រារបស់រាជធានីភ្នំពេញ និងអធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានបន្តស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីធាក់ប្លន់យកម៉ូតូ កើតឡើងនៅម៉ោង ២៣និង០៥នាទី ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ត្រង់ស្តុបបាគូ ផ្លូវ៥០ម៉ែត្រ ភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជនសង្ស័យសរុបមានចំនួន ៩នាក់ ជិះម៉ូតូចំនួន ៥គ្រឿង។
ក្រោយកើតហេតុ សមត្ថកិច្ចបានស្រាវជ្រាវរហូតឃើញទីតាំងលាក់ខ្លួន និងបានចុះឃាត់ខ្លួនជនសង្ស័យ ៣នាក់នៅម៉ោង ០២និង០០នាទី ថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៥ នៅផ្ទះជួលមួយ ក្នុងភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រួមមាន៖
១. មាស សំណាង ភេទប្រុស អាយុ ១៨ឆ្នាំ
២. ម៉ន រតនៈ សម្បត្តិ ភេទប្រុស អាយុ ១៨ឆ្នាំ
៣. ភឿន មករា ភេទប្រុស អាយុ ១៨ឆ្នាំ
ទាំងអស់សុទ្ធសឹងជាសញ្ជាតិខ្មែរ និងស្នាក់នៅភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។
ក្នុងការចុះឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖
– ម៉ូតូម៉ាក Honda C125 ពណ៌ខ្មៅ (1KY-2270)
– ម៉ូតូម៉ាក Honda Winner X ពណ៌ខ្មៅ (1LA-8925)
– ទូរស័ព្ទ iPhone 12 Pro Max
– ទូរស័ព្ទ Oppo ពណ៌ខ្មៅ
– ទូរស័ព្ទOppo ពណ៌ផ្ទៃមេឃ
បច្ចុប្បន្ន ជនសង្ស័យទាំង ៣ កំពុងត្រូវបានសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីបន្តការស្រាវជ្រាវ។ យោងតាមសារភាពរបស់ពួកគេ បានទទួលសារភាពថា ពួកគេបានចូលរួមធាក់ប្លន់យកម៉ូតូ ពិតប្រាកដមែន ហើយក៏ធ្លាប់បានធ្វើសកម្មភាពបែបនេះទៀតចំនួន២ករណី នៅផ្លូវជាតិលេខ២ និងផ្លូវ៦០ម៉ែត្រផងដែរ។
សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវដើម្បីឃាត់ខ្លួនបក្ខពួកជនសង្ស័យដែលនៅលាក់ខ្លួននៅពេលនេះ។ ចំពោះជនសង្ស័យ ៣នាក់ដែលត្រូវបានឃាត់ខ្លួន កំពុងត្រូវសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ សម្រាប់បន្តដំណើរការតាមនីតិវិធីច្បាប់៕

