Cambodia Trending Close

សមត្ថកិច្ចដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាង៩៧គីឡូក្រាម ដែលដាក់លក់នៅតាមម៉ាត និងផ្ទះ ក្នុងខេត្តបាត់ដំបង

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 15:12 pm សង្គម
សមត្ថកិច្ចដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាង៩៧គីឡូក្រាម ដែលដាក់លក់នៅតាមម៉ាត និងផ្ទះ ក្នុងខេត្តបាត់ដំបង សមត្ថកិច្ចដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទជាង៩៧គីឡូក្រាម ដែលដាក់លក់នៅតាមម៉ាត និងផ្ទះ ក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានបញ្ជាក់ថា មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តបាត់ដំបង បានសហការជាមួយសមត្ថកិច្ចចម្រុះចុះត្រួតពិនិត្យទំនិញប្រើប្រាស់ និងវេចខ្ចប់ស្រាប់ នៅតាមតូប, ម៉ាត និងផ្ទះលក់ទំនិញក្នុងផ្សារ ចំនួន ២ លើក ក្នុងថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៥។

ក្នុងដំណើរការត្រួតពិនិត្យលើកទី១ នៅផ្សារសំពៅលូន ស្ថិតនៅភូមិត្រពាំងព្រលិត ស្រុកសំពៅលូន សមត្ថកិច្ចបានបញ្ជាក់ថា មានតូបចំនួន ០៦ ដែលរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដូចជា មី, ភេសជ្ជៈកំប៉ុង, នំ និងគ្រឿងសម្អាងមួយចំនួន។

សម្រាប់ការត្រួតពិនិត្យលើកទី២ នៅផ្សារហេង ថេង ពេជ្រចិន្តា ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ត្រូវបានពិនិត្យចំនួន ០៨ តូប, ០៦ ខ្នងផ្ទះ និងម៉ាតចំនួន ០២ កន្លែង ប៉ុន្តែ មិនបានរកឃើញទំនិញខូចគុណភាព ឬហួសកាលបរិច្ឆេទប្រើប្រាស់នោះទេ។

ក្រៅពីនេះ ក្រុមការងារនិងបានចុះត្រួតពិនិត្យដល់ម៉ាត ០២កន្លែង និងផ្ទះលក់ទំនិញ ០២ ផ្ទះ នៅក្នុងស្រុកកំរៀង ហើយបានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ នៅហាងម៉ាតមួយកន្លែង ដូចជា៖ ទឹកសេរ៉ូដប, ទឹកដោះគោប្រអប់, មី និងនំកញ្ចប់ចំរុះមួយចំនួន។

សរុបការចុះត្រួតពិនិត្យទាំងស្រុង បានដកហូតទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួនជាង ៩៧ គីឡូក្រាម។ ទំនិញទាំងនេះត្រូវបានយកមករក្សាទុកនៅសាខា ក.ប.ប ខេត្តបាត់ដំបង ដើម្បីអនុវត្តន៍នីតិវិធីពិន័យតាមច្បាប់បន្ត ៕

អត្ថបទទាក់ទង