
ក្រសួងការបរទេសថៃកោះហៅឯកអគ្គរាជទូតកម្ពុជាមកតវ៉ា ជុំវិញការបែកធ្លាយការសន្ទនា
ក្រសួងការបរទេសថៃ បានកោះហៅឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ទី១៩ខែមិថុនាឆ្នាំ២០២៥នេះ ដើម្បីតវ៉ាជាផ្លូវការ ទាក់ទងនឹងការបែកធ្លាយការសន្ទនា ជាលក្ខខណៈឯកជន រវាងនាយករដ្ឋមន្ត្រីថៃ លោកស្រីផែថងថាន ស៊ីណាវ៉ាត្រានិងសម្តេច ហ៊ុន សែនប្រធានព្រឹទ្ធសភាកម្ពុជា។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានThe Nation នៅថ្ងៃព្រហស្បតិ៍នេះ។
ក្រសួងបាននិយាយនៅក្នុងលិខិតការតវ៉ាផ្លូវការរបស់ខ្លួន ដែលបានប្រគល់ជូនឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃថា «រាជរដ្ឋាភិបាលថៃមានការខកចិត្តយ៉ាងខ្លាំង ដែលការសន្ទនាតាមទូរសព្ទឯកជន រវាងនាយករដ្ឋមន្ត្រីថៃ និងឥស្សរជនជាន់ខ្ពស់របស់កម្ពុជា ត្រូវបានបែកធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយ»។ ការតវ៉ាបានសង្កត់ធ្ងន់ថា ទំនុកចិត្តនិងការគោរពរវាងមេដឹកនាំទាំងពីរ គឺជាមូលដ្ឋានគ្រឹះសម្រាប់ភាពជាអ្នកជិតខាងល្អ និងទំនាក់ទំនងអន្តរជាតិ។ ការតវ៉ាបានបន្ថែមទៀតថា «សកម្មភាពបែបនេះគឺផ្ទុយនឹងការអនុវត្តដែលត្រូវបានទទួលយកជាអន្តរជាតិ ហើយនឹងប៉ះពាល់យ៉ាងខ្លាំង ដល់កិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្ត ក្នុងការដោះស្រាយបញ្ហា រវាងភាគីទាំងពីរដោយស្មោះត្រង់»។
លោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការបរទេសថៃ បានប្រកាសពីការតវ៉ាជាផ្លូវការនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ លោក Nikorndej បានបញ្ជាក់ថា រដ្ឋាភិបាលថៃនឹងមិនអត់ឱនចំពោះអាកប្បកិរិយាមិនអាចទទួលយកបានរបស់កម្ពុជា ចំពោះការបែកធ្លាយការសន្ទនាឯកជន រវាងលោកស្រី ផែថងថាន និងសម្តេចហ៊ុន សែន ដែលបានធ្វើឡើងកាលពីរសៀលថ្ងៃពុធ។
ប្រភព: VAYO FM Radio
