Cambodia Trending Close

កងកម្លាំងយោធាភូមិភាគទី៥ បង្ក្រាបការជួញដូរលៀសខុសច្បាប់ជាង ៣០ តោន នៅខេត្តកំពង់ធំ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 15 ម៉ោងមុន សង្គម
កងកម្លាំងយោធាភូមិភាគទី៥ បង្ក្រាបការជួញដូរលៀសខុសច្បាប់ជាង ៣០ តោន នៅខេត្តកំពង់ធំ កងកម្លាំងយោធាភូមិភាគទី៥ បង្ក្រាបការជួញដូរលៀសខុសច្បាប់ជាង ៣០ តោន នៅខេត្តកំពង់ធំ

កំពង់ធំ៖ កាលពីយប់រំលងអាទ្រាតឈានចូលថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២:៣០នាទី ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការដឹកនាំបង្រ្កាបបទល្មើសនេសាទលើផ្ទៃបឹងទន្លេសាប បានចាត់តាំងកម្លាំងអង្គភាពចំណុះយោធាភូមិភាគទី៥ ដឹកនាំដោយវរសេនីយ៍ទោ ស វិបុល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងការិយាល័យទី២ កងទ័ពជើងគោក ចុះបង្ក្រាបការជួញដូរ និងដឹកលៀសខុសច្បាប់ ប្រមាណ ៣០ តោន នៅក្នុងស្រុកស្ទោង ខេត្តកំពង់ធំ។

ក្នុងប្រតិបត្តិការនេះ កម្លាំងបានឃាត់យករថយន្តចំនួន ៣ គ្រឿង រួមមាន៖
រថយន្ត FUSU ចំណុះ ៥ តោន ផ្ទុកលៀស ១៥ តោន រថយន្តកូរ៉េ ចំណុះ ៥ តោន ផ្ទុកលៀស ១០ តោន រថយន្តកែឆ្នៃ ផ្ទុកលៀស ៥ តោន ។

អ្នកបើកបររថយន្តចំនួន ៣ នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ត្រីជំនាញកងរាជអាវុធហត្ថខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿង និងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់។ ចំណែកលៀសដែលឃាត់បាន កងទ័ពបានប្រគល់ជូនមន្ត្រីជំនាញ និងដឹកទៅចាក់ចូលវិញក្នុងបឹងទន្លេសាប។

ឧត្តមសេនីយ៍ទោ សេង ធារិន បានបញ្ជាក់ថា កងទ័ពមិនត្រឹមតែមានភារកិច្ចការពារអធិបតេយ្យភាពទឹកដីនោះទេ ប៉ុន្តែរួមការពារទំនប់ធនធានធម្មជាតិ និងជីវចម្រុះលើផ្ទៃបឹងទន្លេសាបផងដែរ។ កម្លាំងបន្តបង្ក្រាបបទល្មើសផ្សេងៗ ដូចជា ការនេសាទដោយឧបករណ៍ខុសច្បាប់ ការដាក់របាំងស្បៃ និងការឆក់ក្នុងតំបន់ព្រៃលិចទឹក ដោយគ្មានការលើកលែង។

គាត់បន្ថែមថា វិធានការដែលអនុវត្តយ៉ាងម៉ឹងម៉ាត់នេះ មានគោលបំណងធានាការការពារធនធានជលផល និងស្ថិរភាពប្រភពទន្លេសាប ដែលជាផ្នែកសំខាន់ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងមានអត្ថប្រយោជន៍សម្រាប់សេដ្ឋកិច្ចជាតិផងដែរ៕

អត្ថបទទាក់ទង