
ឆ្នាំ២០២៥-២០២៦ ចិនទទួលទិញដំឡូងមីស្ងួតពីកម្ពុជា បន្ថែម ២០ម៉ឺនតោន
ភ្នំពេញ៖ កម្ពុជា-ចិន បានចុះអនុស្សារណៈ នៃការយោគយល់គ្នា សម្រាប់ជំហានទី២ ក្នុងការទិញដំឡូងមីស្ងួតចំនួន២០ម៉ឺនតោនពីកម្ពុជា នៅឆ្នាំ២០២៥-២០២៦នេះ ខណៈជំហានទី១ កម្ពុជាបានលក់ដំឡូងមីស្ងួតទៅឱ្យភាគីចិនចំនួន៥០០០តោន។


យោងតាមការផ្សាយរបស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា កាលពីថ្ងៃស្រុក ទី១៤ ខែមីនា កន្លងទៅនេះ លោក លីម ឡោពិសិដ្ឋ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចូលរួមជាអធិបតីក្នុងពីធីទទួលដំឡូងមីស្ងួតពីកម្ពុជាលើកទី១ ចំនួន៥,០០០តោន និងពីធីចុះអនុស្សារណៈ នៃការយោគយល់គ្នាចំនួន២០០,០០០តោន សម្រាប់ឆ្នាំ២០២៥-២០២៦ និងកិច្ចព្រមព្រៀងទិញ-លក់ដំឡូងមីស្ងួត រវាងក្រុមហ៊ុន HANG HARVEST AGRICULTURE CO., LTD និង ក្រុមហ៊ុន COFCO BIO-ENERGY CO., LTD ជំហានទី២ នៅកំពង់ផែក្នុងទីក្រុងប៉ីហៃ នៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី។
ការចុះកិច្ចព្រមព្រៀងនេះនឹងជួយពង្រឹង និងពង្រីកកិច្ចសហប្រតិបត្ដិការពាណិជ្ជកម្មរវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន ក៏ដូចជាជួយជំរុញការនាំចេញវិស័យដំឡូងមីរបស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន ផងដែរ។
គួរបញ្ជាក់ដែរថា ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីមន្ទីរពាណិជ្ជកម្មនៃតំបន់ស្វយ័តជនជាតិជាំងក្វាងស៊ី, ការិយាល័យទំនាក់ទំនងពាណិជ្ជកម្មកម្ពុជាប្រចំាទីក្រុងណាននីង, រដ្ឋាភិបាលប្រជាជនទីក្រុងប៉ីហៃ, អាជ្ញាធរពាក់ព័ន្ធទីក្រុងប៉ីហៃ, តំណាងធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មនៃកម្ពុជា, ព្រមទាំងពាណិជ្ជករទិញ-លក់ដំឡូងមីចិននិងកម្ពុជា ជាច្រើនរូប៕





