Cambodia Trending Close

អាជ្ញាធរដកបង្គោលព្រំដី ក្រុមហ៊ុនទាំង៤ លើតំបន់ខ្នងផ្សារ និងប្រគល់ដី៤០ហិកតា ជូនសហគមន៍តាមបទបញ្ជារបស់សម្តេចធិបតី

ដោយ៖ អែម លំអង ​​ | ថ្ងៃសុក្រ ទី១៤ ខែមីនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
អាជ្ញាធរដកបង្គោលព្រំដី ក្រុមហ៊ុនទាំង៤ លើតំបន់ខ្នងផ្សារ និងប្រគល់ដី៤០ហិកតា ជូនសហគមន៍តាមបទបញ្ជារបស់សម្តេចធិបតី អាជ្ញាធរដកបង្គោលព្រំដី ក្រុមហ៊ុនទាំង៤ លើតំបន់ខ្នងផ្សារ និងប្រគល់ដី៤០ហិកតា ជូនសហគមន៍តាមបទបញ្ជារបស់សម្តេចធិបតី

ភ្នំពេញ៖ បន្ទាប់ពីនាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចលប់គម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុនចំនួន៤ លើតំបន់ទេសចរណ៍ខ្នងផ្សារដកយកមកវិញដីដែលមានបោះបង្គោល នៅថ្ងៃទី១៣ ខែមីនា ម្សិលមិញនេះ អាជ្ញធរជំនាញ និងប្រជាសហគមន៍បានចុះដកបង្គោលព្រំដី និងបានប្រគលដីចំនួន៤០ហិកតា ជូនប្រជាសហគមន៍តាំងបំពុង។

តាមរយៈបណ្តាញទំនាក់ទំនងសង្គមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅព្រឹកថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៥នេះបានឲ្យដឹងថា អនុវត្តតាមបទបញ្ជារបស់សម្តេចបវរធិបតី នាយករដ្ឋមន្ត្រី កាលពីថ្ងៃ៨ ខែមីនា ឆ្នាំ២០២៥ ក្នុងការសម្រេចឱ្យលុបចោលគម្រោងអភិវឌ្ឍន៍នៅលើតំបន់ទេសចរណ៍ភ្នំខ្នងផ្សារ តាមរយ:ការដកមកវិញនៅដីដែលមានការបោះបង្គោលព្រំ ដើម្បីថែរក្សាឱ្យបាននូវស្ថានភាពដើមនៃធម្មជាតិ សម្រាប់បម្រើជាឧត្តមប្រយោជន៍ដល់សហគមន៍ និងអ្នកទេសចរ ដោយមិនអនុញ្ញាតឱ្យមានការវិនិយោគនៅលើភ្នំឡើយ។

អនុវត្តតាមអនុសាសន៍ដ៏ម៉ឺងម៉ាត់នេះ នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៥ ក្រុមការងារអន្តរក្រសួង (ក្រសួបរិស្ថាន និងក្រសួងទេសចរណ៍) រួមជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាសហគមន៍តាំងបំពង់ បានចុះដកបង្គោលព្រំដីក្នុងតំបន់ភ្នំខ្នងផ្សារ ក្រោយពីមានការព្រមព្រៀងបញ្ឈប់គម្រោងវិនិយោគរបស់ក្រុមហ៊ុនទាំងបួន ដោយប្រគល់ដីចំនួន ៤០ហិកតា ជូនដល់សហគមន៍តាំងបំពង់ ដើម្បីជាប្រភពចំណូលដ៏សំខាន់សម្រាប់ប្រជាពលរដ្ឋប្រមាណ ១០០គ្រួសារ ក្នុងភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលកំពុងបម្រើសេវាកម្មទេសចរណ៍ ។

ជាលទ្ធផល ក្រោយពីបានដកបង្គោលព្រំដី គឺបានផ្តល់នូវស្នាមញញឹម និងពោរពេញដោយក្តីអំណរសាទរ ក៏ដូចជាការថ្លែងអំណរគុណដ៏ជ្រាលជ្រៅពីសំណាក់សហគមន៍ និងប្រជាពលរដ្ឋ ដែលជាអ្នកបម្រើសេវាកញ្ចប់ទេសចរណ៍ពឹងលើសម្រស់ធម្មជាតិដ៏ស្រស់ស្អាតនៃតំបន់ទេសចរណ៍ខ្នងផ្សារ ដែល សម្តេចបវរធិបតីនាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ និងដោះស្រាយនូវទុក្ខកង្វល់របស់ប្រជាសហគមន៍ ហើយសម្រេចឱ្យថែរក្សានូវលក្ខណ:ធម្មជាតិដូចដែលកំពុងមានស្រាប់ និងជាភាពទាក់ទាញសម្រាប់អ្នកទេសចរជាតិ និងអន្តរជាតិ៕

អត្ថបទទាក់ទង