
តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ទំហំជាង២ម៉ឺនហិកតា ត្រូវចុះបញ្ជីជាដីរដ្ឋ
ភ្នំពេញ៖តំបន់គ្រប់គ្រង និងការពារសត្វផ្សោតទន្លេមេគង្គ ស្ថិតនៅក្នុងខេត្តក្រចេះ ទំហំ ២១,៩៦៦.៥១ហិកតា ត្រូវបានចុះបញ្ជីជាដីរបស់រដ្ឋ នេះបើតាមការបញ្ជាក់របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥នេះ។
តាមរយៈការចេញផ្សាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងទៀតថា តំបន់គ្រប់គ្រងនិងការពារសត្វផ្សោតទន្លេមេគង្គ ត្រូវបានចុះបញ្ជីតាមបច្ចេទេសសុរិយោដី និងច្បាប់ភូមិបាល ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងកាន់កាប់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគ្រប់គ្រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទៅតាមច្បាប់ជាធមរមាន។
គួរបញ្ជាក់ថា តាមរយៈក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា បច្ចុប្បន្ននេះ ចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា បន្តកើនឡើងជាលំដាប់ នៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ដែលគ្រាន់តែក្នុងរយៈពេលជិត៣ខែដើមឆ្នាំ២០២៥នេះ កូនផ្សោតចំនួន៥ក្បាលបានកើតថ្មី ដែលធ្វើឲ្យចំនួនសត្វផ្សោតទន្លេមេគង្គនៅកម្ពុជា កើនឡើងដល់ ១០៩ក្បាល៕
រូបភាព៖ WWF CAMBODIA

