
សមាគមនឧកញ៉ាកម្ពុជា អបអរសាទរ ឧកញ៉ា ស្រី ចាន់ថន ដែលបាននាំសមិទ្ធផលថ្មីសម្រាប់ជាតិ ជោគជ័យក្នុងការបញ្ចូលពាក្យ “គុនខ្មែរ ឬ Kun Khmer” ក្នុងខ្សែក្រវ៉ាត់ស្ថាប័ន WBC

ភ្នំពេញ៖ សមាគមឧកញ៉ាកម្ពុជា បានសម្តែងការអបអរសាទរ ឧកញ៉ា ស្រី ចាន់ថន ប្រធានក្លិបគុនខ្មែរអន្ដរជាតិ (KKIF) និងជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា ដែលបាននាំមកនូវសមិទ្ធផលថ្មីទៀតសម្រាប់ព្រះរាជាណាចក្រកម្ពុជាក្នុងវិស័យប្រដាល់គុនខ្មែរ ដោយបានទទួលជោគជ័យក្នុងការបញ្ចូលពាក្យ «គុនខ្មែរ ឬ Kun Khmer» ព្រមទាំងទង់ជាតិកម្ពុជា និងរូបប្រាសាទអង្គរវត្ត ក្នុងខ្សែក្រវាត់របស់ស្ថាប័នប្រដាល់ពិភពលោក World Boxing Council (WBC) និងបានដង្ហែមកដល់ប្រទេសកម្ពុជាកាលពីល្ងាចថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ អមដោយការសាទរជាខ្លាំងពីមហាជនពិសេសអ្នកគាំទ្រវិស័យកីឡាប្រដាល់គុនខ្មែរ។
ឧកញ៉ា ស្រី ចាន់ថន បានបញ្ជាក់ថា នេះគឺជាជោគជ័យថ្មី ហើយក៏ជាក្ដីស្រមៃរបស់លោកក៏ដូចជាប្រជាពលរដ្ឋខ្មែរដែលចង់ឃើញពាក្យ «គុនខ្មែរ ឬ Kun Khmer» ព្រមទាំងទង់ជាតិកម្ពុជា នៅលើខ្សែក្រវាត់ WBC ដែលជាខ្សែក្រវាត់កម្រិតពិភពលោកដ៏ល្បីល្បាញហើយឥលូវក្ដីស្រមៃនេះក៏បានក្លាយជាការពិតក្រោយចំណាយរយៈពេល ១ឆ្នាំដើម្បីផ្សព្វផ្សាយគុនខ្មែរទៅកាន់ពិភពលោក ដោយទម្រាំទទួលបានជោគជ័យនេះគឺបានឆ្លងកាត់លក្ខខណ្ឌជាច្រើនដោយស្ថាប័ន WBC បានពិនិត្យលើសកម្មភាពគុនខ្មែរទាំងក្នុង និងក្រៅប្រទេសព្រមទាំងបានបំពេញដំណើរទស្សនកិច្ចសិក្សាស្វែងយល់ពីសិលាចារឹក និងប្រវត្តិគុនខ្មែរផ្ទាល់នៅតាមជញ្ជាំងប្រាសាទបុរាណជាមួយការទទួលបដិសណ្ឋារកិច្ចដ៏កក់ក្ដៅ ជាពិសេសកត្ដាសុខសន្ដិភាពនៅកម្ពុជាទើបស្ថាប័នពិភពលោកនេះសម្រេចដាក់ពាក្យ «Kun Khmer» លើខ្សែក្រវាត់ WBC និងមានបន្ថែមរូបទង់ជាតិកម្ពុជា ក្នុងចំណោមទង់ជាតិប្រទេសសមាជិកជាង ១០០ប្រទេសរួមជាមួយរូបប្រាសាទអង្គរវត្តដ៏ល្បីល្បាញរបស់កម្ពុជា និងពាក្យ «កម្ពុជា ឬ Cambodia» ផងដែរ៕

