
JET FIGHTER ប្រមូលថ្នាលលំដាប់ប្រទេសមកជួបគ្នាក្រោយចូលចប់ឆ្នាំថ្មី
JET FIGHTER ប្រមូលថ្នាលលំដាប់ប្រទេសមកជួបគ្នាក្រោយចូលចប់ឆ្នាំថ្មី
សង្វៀនថ្នាល JET FIGHTER ដែលទើបចាប់ផ្តើមបាន ៣សប្តាហ៍ប៉ុណ្ណោះ តែទទួលបានការគាំទ្រយ៉ាងគំហុកពីអ្នកគាំទ្រ ដោយសារតែរៀបចំគូថ្នាលល្អៗ លំដាប់ប្រទេសមកជួបគ្នារៀងរាល់ពីរសប្តាហ៍ម្តង ។ ថ្ងៃពុធ ទី២៣ ខែមេសានេះ សង្វៀន JET FIGHTER បានវិលត្រឡប់មកវិញដោយមានកីឡាករ៩គូ មកជួបជុំគ្នា ជាពិសេសមានការប្រកួតថ្នាលលក្ខណៈអន្តរជាតិ ២គូផងដែរ។
អ្នកលេងអាវយ័ន្ត រិទ្ធី បូរិន ត្រូវជួបកីឡាករថៃ Lukha Payakrut ស្របពេលដែលកូនទាហានខ្នាយតាន់ ឈួន លីប៊ី ត្រូវស្វាគមន៍កីឡាករថៃ Thanapun Praykhav នឹងគូមិត្តភាពជាតិគុនខ្មែរប៉ះគុនខ្មែរ ៧គូផ្សេងទៀតផងដែរ។ តាមរយៈលោក ណឹម ពិសិដ្ឋ ក្រុមការងាររៀបចំកម្មវិធី JET FIGHTER បានរៀបរាប់ប្រាប់អង្គភាពសារព័ត៌មាន Trending News តាមរយៈសារអេឡិចត្រូនិចថា ” បច្ចុប្បន្នភាពនេះ JET FIGHTER រៀបចំ២សប្តាហ៍ម្តង ដោយសារតែពុំទាន់មាន Sponsor នៅឡើយ ប្រសិនបើបងប្អូនគាំទ្រកាន់តែខ្លាំង អាចទាក់ទាញបេះដូងក្រុមហ៊ុនណាមួយ មកជួយទ្រទ្រង់បាន JET FIGHTER អាចនឹងមានការប្រកួតរៀងរាល់សប្តាហ៍ ដើម្បីជួយបណ្តុះសមត្ថភាពគីឡូស្រាលថ្នាលគុនខ្មែរ ឱ្យកាន់តែរីកចម្រើនឡើង ទាំងបរិមាណ និងគុណភាព” លោក ពិសិដ្ឋ បានបន្តថា ” ថ្វីត្បិតថាការប្រកួតគីឡូតូចៗក្តី ប៉ុន្តែសុទ្ធតែជាកីឡាករថ្នាលលំដាប់ប្រទេសដែលកំពុងទទួលបានការគាំទ្រ ហើយរំពឹងថាពុកម៉ែបងប្អូននៅបន្តការគាំទ្រទៀត” ។
សូមបញ្ជាក់ថាសម្រាប់ការប្រកួត JET FIGHTER ថ្ងៃពុធ ទី២៣ ខែមេសានេះ នឹងរៀបចំនៅបណ្តោយផ្លូវទន្លេមេគង្គ ភូមិ២ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ស្ថិតក្នុងបរវេណក្លឹបប្រដាល់គុនខ្មែរអន្តរជាតិ KKIF ផ្សាយផ្ទាល់ចាប់ពីម៉ោង ៦ល្ងាចតទៅ តាមរយៈ Facebook Page: JET FIGHTER ៕
