Cambodia Trending Close

សម្តេចតេជោ ចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ»

ដោយ៖ Kosal Sean ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ
សម្តេចតេជោ ចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» សម្តេចតេជោ ចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ»

ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាកកម្ពុជា ក្នុងឱកាសទទួលស្វាគមន៍លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រថៃ ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ បានចង្អុលបង្ហាញថា កម្រិតភាពជាដៃគូយុទ្ធសាស្រ្តសម្រាប់ទំនាក់ទំនងរវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» ថែមទៀត។

ក្នុងជំនួនសម្តែងការគួរសមនោះ ចំពោះកិច្ចសហប្រតិបត្តិ​ការទ្វេភាគី សម្តេចតេជោ បាន​ផ្តល់​អនុសាសន៍ឱ្យប្រទេសទាំងពីរ គិតគូរអំពីការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម ទាំងក្នុងក្របខណ្ឌទ្វេភាគី អនុតំបន់ ដូចជា អេម៉ិក (ACMECS) GMS និងក្របខណ្ឌតំបន់នានា ដូច​ជាអាស៊ាន និងអាស៊ិប (RCEP) ដើម្បីពង្រឹងការធ្វើពិពិធកម្មទីផ្សារ និងឆ្លើយតបទៅ​នឹង​ក្នុង​​បរិបទនៃការប្រែប្រួលយ៉ាងឆាប់រហ័សរបស់ពិភពលោក ជាពិសេសការ​ប្រកួត​ប្រជែង​ភូមិ​សាស្រ្ត​នយោបាយ និងសេដ្ឋកិច្ចរបស់ប្រទេសមហាអំណាច។

បន្ថែមពីលើនេះ សម្តេចតេជោ បានចង្អុលបង្ហាញថា កម្រិតភាពជាដៃ​គូយុទ្ធសាស្រ្តសម្រាប់​ទំនាក់ទំនង​រវាងកម្ពុជា-ថៃ គឺមិនទាន់ត្រឹមត្រូវទេ ដោយត្រូវថែមពាក្យ «គ្រប់ជ្រុងជ្រោយ» បន្ថែមទៀត ពីព្រោះប្រទេសទាំងពីរបានធ្វើកិច្ចសហប្រតិបត្តិការគ្នាយ៉ាងច្រើន និងលើគ្រប់​វិស័យ។ ដូចនេះ ប្រទេសទាំងពីរត្រូវជំរុញការអនុវត្តសកម្មភាព លើកកម្ពស់កម្រិតភាព​ជាដៃគូយុទ្ធសាស្រ្តនេះ ទៅជា «ភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ» នាពេលអនាគត។ សម្តេចតេជោ ក៏សម្តែងនូវភាពរីករាយដោយបានកត់សម្គាល់ឃើញប្រទេសទាំងពីរមានការផ្សាភ្ជាប់គ្នាល្អ និងថ្លែងអំណរគុណរាជរដ្ឋាភិបាលថៃ ដែលបានផ្តល់ការយកចិត្តទុកដាក់ ចំពោះពលករកម្ពុជាដែលកំពុងធ្វើការនៅប្រទេសថៃ។

ក្នុងឱកាសនោះដែរ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ បានជម្រាបជូនសម្តេចតេជោ អំពីលទ្ធ​ផល​នៃ​កិច្ចពិភាក្សាជាមួយសម្តេចធិបតីនាយករដ្ឋមន្រ្តី ដោយរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរ នឹងបន្ត​ខិតខំធ្វើការជាមួយ​គ្នាក្នុងការលើកស្ទួយកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនង​ទ្វេភាគីបន្ថែមទៀត។

លោកស្រីនាយករដ្ឋមន្រ្តី  បានលើកឡើងបន្ថែមផងដែរថា លោកស្រី និងសម្តេចធិបតី មិន​ត្រឹម​តែមានឪពុកជានាយករដ្ឋមន្រ្តី ដែលជាអ្នកពូកែ និងផ្តល់បទពិសោធន៍ល្អៗប៉ុណ្ណោះទេ ថែម​ទាំងរាប់អានគ្នាជាបងប្អូនល្អទៀត ដែលការណ៍នេះបានញុំាងឱ្យកិច្ច​ពិភាក្សាគ្នាកាន់​តែមាន​លក្ខណៈងាយស្រួល៕

អត្ថបទទាក់ទង