Cambodia Trending Close

ខ្លឹមសារជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចតេជោ និងលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី

ដោយ៖ ឡៅ ពិសិដ្ឋ ​​ | 6 ម៉ោងមុន នយោបាយ ព័ត៌មានជាតិ
ខ្លឹមសារជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចតេជោ និងលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី ខ្លឹមសារជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង សម្តេចតេជោ និងលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីឥណ្ឌូណេស៊ី

ភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ទី៥ ខែឧសភា ឆ្នាំ២០២៥ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានជួបសម្ដែងការគួរសម និង ពិភាក្សាការងារជាមួយ លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ប្រធានាធិបតីនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានប្រធានាធិបតី នាទីក្រុង Jakarta នៅក្នុងអំឡុងពេលទស្សនកិច្ចការងាររបស់សម្តេច នៅប្រទេសឥណ្ឌូនេស៊ី។

ជាកិច្ចចាប់ផ្តើម លោក ប្រធានាឥណ្ឌូណេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានសម្តែងការស្វាគមន៍ជាកិត្តិយដែលបានទទួលវត្តមានរបស់សម្តេចតេជោនៅឥណ្ឌូណេស៊ី បន្ទាប់ពីលោកបានជួបសម្តេចនៅភ្នំពេញ នៅខែកញ្ញា ឆ្នាំ២០២៤ មុនឯកឧត្តម ស្បថចូលកាន់ដំណែង។

លោកប្រធានាធិបតីបន្តថា នៅក្នុងតំបន់អាស៊ីអាគ្នេយ៍សម្តេចជាបុរសរដ្ឋ ដែលមានបទពិសោធន៍ដឹកនាំប្រទេសយូរឆ្នាំ។ ទស្សនកិច្ចនៅពេលនេះ សម្តេចតេជោ គ្រោងធ្វើបាថកថាពិសេស នៅវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីបូព៌ា។ ឥណ្ឌូណេស៊ី តែងតែប្តេជ្ញាលើកកម្ពស់កិច្ចសន្ទនា ការផ្សះផ្សាជាតិ និងដោះស្រាយទំនាស់ដោយសន្តិវិធីនៅកម្ពុជា តាំងពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៨០ និង១៩៩០ ដែលកាលប្រវត្តិនេះ ជាគ្រឹះសម្រាប់ទំនាក់ទំនងទ្វេភាគីកម្ពុជា-ឥណ្ឌូណេស៊ី លើគ្រប់វិស័យ សម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចក្នុងក្របខណ្ឌអាស៊ាន។

នៅក្នុងជំនួបនោះ សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់លោកប្រធានាធិបតី ដែលជាមិត្តចាស់ ដោយសម្តេចនិងលោកបានស្គាល់គ្នាជាង ៣០ ឆ្នាំមកហើយ។ សម្តេចបន្តថា កម្ពុជាមានចំណងមិត្តភាពជាមួយឥណ្ឌូណេស៊ីជាង ៣៧ ឆ្នាំ ចាប់តាំងពីចរចាស្វែងរកសន្តិភាពមក។
ដូច្នេះ សមិទ្ធផលកម្ពុជានៅពេលនេះ មិនអាចកាត់ផ្តាច់ពីការជួយរបស់ឥណ្ឌូណេស៊ីឡើយ ដោយសម្តេចសូមគោរពចំពោះការចូលរួមរបស់ឥណ្ឌូណេស៊ី ក្នុងការជួយដល់កម្ពុជា។ កម្ពុជានិងឥណ្ឌូណេស៊ី ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតទាំងនៅក្របខណ្ឌទ្វេភាគី និងអាស៊ាន។

ជាមួយគ្នានេះ សម្តេចតេជោ ក៏បានអបអរសាទរចំពោះជោគជ័យនៃការបោះឆ្នោតកន្លងទៅ ដែលលោកប្រធានាធិបតី ដែលទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដី។ សម្តេចប្រធានព្រឹទ្ធសភាកម្ពុជា លើកឡើងទៀតថា ថ្មីៗនេះ ឥណ្ឌូណេស៊ី បានក្លាយជាអធិរាជផ្នែកស្បៀង ហើយក៏ជាអធិរាជផ្នែកសន្តិសុខឋាមពលផងដែរ តែកម្ពុជាវិញ មានសន្តិសុខស្បៀង តែខ្វះសន្តិសុខឋាមពល ។
សម្តេចតេជោ បន្តថា ប្រទេសយើងទាំងពីរមានសហប្រតិបត្តិការល្អ ហើយសម្តេចសង្ឃឹមថា ភាគីទាំងពីរនឹងអាចជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នូវការផ្លាស់ប្តូរសេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ៍ និងការហោះហើរ ឱ្យខ្លាំងក្លាថែមទៀត ។
នៅក្នុងឱកាសនោះផងដែរ សម្តេចតេជោ ក៏បានជម្រាបទៅលើប្រធានាធិបតីឥណ្ឌូណេស៊ី ពីការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជាចំពោះលោកក្នុងការបំពេញទស្សនកិច្ចនៅកម្ពុជានៅពេលសមស្រប។ សម្តេចតេជោ បញ្ជាក់ថា កន្លងទៅ មានប្រធានាធិបតីឥណ្ឌូណេស៊ីជាច្រើនបានទៅទស្សនកិច្ចនៅកម្ពុជា។

ជាការឆ្លើយតបលោកប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានអរព្រះគុណព្រះករុណា ព្រះមហាក្សត្រកម្ពុជា ចំពោះការអញ្ជើញ ហើយលោកប្រធានាធិបតី បានជម្រាបសម្តេចតេជោថា លោក សូមទទួលយក និងទៅបំពេញទស្សនកិច្ចនៅកម្ពុជា នៅពេលខាងមុខ។
លោកប្រធានាធិបតី ក៏បានផ្តាំតាមសម្តេចតេជោ ឲ្យនាំនូវសេចក្តីនឹករលឹកពីលោក ថ្វាយព្រះករុណា ព្រះបាទ សម្តេច នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាផងដែរ។
បន្ថែមពីលើនេះ លោក ប្រាបូវ៉ូ បានជម្រាបសម្តេចតេជោទៀតថា ក្នុងរយៈពេល ៦ ខែ ដែលលោក ធ្វើជាប្រធានាធិបតីឥណ្ឌូណេស៊ី ប្រទេសឥណ្ឌូនេស៊ី បានទទួលសមិទ្ធផល ខាងផ្នែកសន្តិសុខស្បៀង ជាមួយនឹងការយកចិត្តទុកដាក់សន្តិសុខឋាមពល ជាពិសេសជំរុញវិនិយោគផ្នែកសន្តិសុខឋាមពល។ ឥណ្ឌូណេស៊ី ចង់ឲ្យកម្ពុជាចុះអនុស្សារណៈនៃការយោគយល់គ្នា លើផ្នែកនេសាទ ហើយឥណ្ឌូណេស៊ី ត្រៀមឲ្យមានកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុនឯកជនផ្នែកនេសាទនិងឋាមពលនៃប្រទេសទាំងពីរ។
ចំណែកពាក់ព័ន្ធនឹងការហោះហើររវាងប្រទេសទាំងពីរលោក ប្រាបូវ៉ូ លើកឡើងថា បច្ចុប្បន្ននេះ ជើងហោះហើររបស់ក្រុមហ៊ុន AirAsia Cambodia មានជើងហោះហើរទៅកោះបាលី របស់ឥណ្ឌូណេស៊ី ឯក្រុមហ៊ុនឥណ្ឌូណេស៊ី ក៏កំពុងសិក្សាដើម្បីបើកជើងហោះហើរទៅខេត្តសៀមរាបផងដែរ។

នៅចុងក្រោយនៃជំនួប សម្តេចតេជោ និងលោក ប្រាបូវ៉ូ ពេញចិត្តនឹងកិច្ចសហប្រតិបត្តិការរវាងយោធានិងយោធានៃប្រទេសទាំងពីរដែលមានសន្ទុះល្អ ហើយមេដឹកនាំទាំងពីរបន្តជំរុញឲ្យពង្រីកបន្ថែម។លើសពីនេះ ភាគីទាំងពីរជជែកពីការសហការគ្នាដោះស្រាយឧក្រិដ្ឋកម្មឆ្លងដែន លើបទឆបោកតាមអនឡាញ និងបញ្ហាគ្រឿងញៀនជាដើម៕

អត្ថបទទាក់ទង