
គណៈកម្មាធិការក្រមសីលធម៌នយោបាយថៃ នឹងដាក់ញត្តិស្នើដកតំណែងនាយករដ្ឋមន្ត្រី ផែថងថាន ស៊ីណាវ៉ាត់ ទៅតុលាការធម្មនុញ្ញ

បាងកក៖ សារព័ត៌មាន Khaosod បានរាយការណ៍ក្នុងថ្ងៃព្រហស្បតិ៍ ទី១៩ ខែមិថុនា ឆ្នាំ២០២៥នេះថា គណៈកម្មាធិការក្រមសីលធម៌នយោបាយ នៃព្រឹទ្ធសភាថៃ បានប្រកាសបញ្ជាក់ថា ពួកគេនឹងដាក់ញត្តិទៅកាន់តុលាការធម្មនុញ្ញ និងគណៈកម្មការជាតិប្រឆាំងអំពើពុករលួយ ដើម្បីដកនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) ចេញពីតំណែង។
គណៈកម្មាធិការនេះបានចោទប្រកាន់ថា លោកស្រី ផែថងថាន បានដោះស្រាយមិនបានល្អជាមួយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេសបន្ទាប់ពីមានការបែកធ្លាយនៃសំឡេងសន្ទនាតាមទូរស័ព្ទរវាងលោកស្រីជាមួយមេដឹកនាំកម្ពុជា ដែលធ្វើឲ្យបង្កការភ្ញាក់ផ្អើល និងប៉ះពាល់ដល់កិត្តិយសជាតិ។
ទោះបីជាមានសម្ពាធយ៉ាងខ្លាំងពីសាធារណៈជន និងអង្គការសង្គមស៊ីវិលក្នុងប្រទេសថៃដែលទាមទារឱ្យនាយករដ្ឋមន្ត្រីលាលែង តែគិតត្រឹមព្រឹកថ្ងៃទី១៩ មិថុនា គេមិនទាន់ឃើញមានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយពីលោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ស្តីពីការសម្រេចចិត្តចុះចេញពីតំណែងនោះឡើយ៕
