
កម្ពុជានឹងរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរ
ភ្នំពេញ៖ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Lu WEI ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន អង្គរ អុិនធើណេសិនណល អ៊ែរផត អុិនវេសមុិន (ខេមបូឌា) ភាគីទាំងពីរបានឯកភាពគ្នា សហការរៀបចំព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ។
គួរបញ្ជាក់ថា ជំនួបនេះបានធ្វើឡើងនារសៀលថ្ងៃទី៨ ខែកក្កដា ក្នុងនោះដែរលោក Lu Wei និងសហការីបាន រាយការណ៍ពីស្ថានភាពភ្ញៀវទេសចរធ្វើដំណើរតាម អាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ និងស្នើសុំអនុសាសន៍ និងការគាំទ្រដ៏ខ្ពង់ខ្ពស់លើគម្រោងរៀបចំព្រឹត្តការណ៍ទេសចរណ៍ថ្មីៗ និងជាលក្ខណៈអន្តរជាតិ។
ជាការឆ្លើយតប លោករដ្ឋមន្រ្តី បានថ្លែងនូវអំណរគុណ ព្រមទាំងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនដែលបានជួយជំរុញកំណើនភ្ញៀវទេសចរឆ្លងកាត់អាកាសយានកើនឡើងជាបន្តបន្ទាប់ ព្រមទាំងគំនិតផ្តួចផ្តើមដ៏ល្អរបស់ក្រុមហ៊ុនដែលបានសម្លឹងមើលឃើញពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែប និងកាលានុវត្តវិនិយោគរបស់ខេត្តសៀមរាប តាមរយៈការបង្កើតព្រឹត្តិការណ៍ទេសចរណ៍ថ្មីៗ ទាក់ទាញ និងជាលក្ខណៈអន្តរជាតិ ស្របនឹងឱកាសនៃយុទ្ធនាការណ៍ឆ្នាំទេសចរណ៍កម្ពុជា-ចិន២០២៥ នេះ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យកាន់តែច្រើនមកទស្សនាខេត្តសៀមរាប និងប្រទេសកម្ពុជា៕
