
៦ខែដើមឆ្នាំ២០២៥ ចំណូលពីការចូលទស្សនា ប្រាសាទអង្គរ បានជិត៣០លានដុល្លារ
ភ្នំពេញ៖ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៥ គ្រឹះស្ថានអង្គរ បានបង្ហាញថា ចំណូលដែលបានមកពីការទិញសំបុត្រចូលទស្សនាអង្គរនោះ បានប្រមាណ២៦លានដុល្លារ។
បើតាមគ្រឹះស្ថានអង្គរ ភ្ញៀវទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរជាង ៥៦ម៉ឺននាក់ កើនឡើងជាង ៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ និងទទួលបានប្រាក់ចំណូលជាង ២៦លាន ៣១ម៉ឺនដុល្លាត កើនឡើងជាង ៨% ធៀបនឹងរយៈពេល៦ខែដូចគ្នាឆ្នាំ២០២៤។
សេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរ នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៥ បានបង្ហាញថា ក្នុងខែមិថុនា ឆ្នាំ២០២៥ មានភ្ញៀវទេសចរអន្ដរជាតិទិញបណ្ណចូលទស្សនាអង្គរចំនួន ៤០ ០៩៦នាក់ ធៀបនឹងខែមិថុនា ឆ្នាំ២០២៤ ថយចុះជាង ១៩% និងផ្ដល់ចំណូលថវិកាចំនួន ១លាន ៧៤ម៉ឺន ៧១៩៧ដុល្លារ ថយចុះជាង ១៨% ធៀបក្នុងពេលដូចគ្នានៃឆ្នាំ២០២៤។
ក្នុងរយៈពេល៦ខែ ចាប់ពីខែមករា ដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៥ ភ្ញៀវទេសចរអន្ដរជាតិទិញសំបុត្រចូលទស្សនាអង្គរមានចំនួន ៥៦៧ ៦៧៣នាក់ កើនឡើងជាង ៨% ធៀបរយៈពេលដូចគ្នាឆ្នាំ២០២៤ និងទទួលបានប្រាក់ចំណូលចំនួន ២៦ ៣១៦ ២២១ដុល្លារ កើនឡើងជាង ៨% ធៀបនឹង ៦ខែដូចគ្នាឆ្នាំ២០២៤។ ក្នុងរយៈពេល៦ខែ ពីខែមករា ដល់ខែមិថុនា ឆ្នំា២០២៥ ភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មកពីអាមេរិក ជាប់លំដាប់លេខ១ យូណាយធីតឃីងឌឹមលេខ២(អង់គ្លេស) បារាំងលេខ៣ ចិនលេខ៤ និងមកពីប្រទេសកូរ៉េខាងត្បូងលេខ៥៕
