
ប្រធានាធិបតីបារាំង Emmanuel Macron នឹងអញ្ជើញមកសៀមរាប ដើម្បីចូលរួមកិច្ចប្រជុំអន្តរជាតិ និងទស្សនកិច្ចប្រាសាទបុរាណ

សៀមរាប៖ លោក Pierre Vincent ទីប្រឹក្សាផ្នែកវប្បធម៌នៃស្ថានទូតបារាំង និងជាសហប្រធានកិច្ចប្រជុំបច្ចេកទេស ICC Angkor និងសំបូរព្រៃគុក បានបញ្ជាក់ថា ប្រធានាធិបតីបារាំង លោក Emmanuel Macron នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអង្គការអន្តរជាតិមួយ និងធ្វើទស្សនកិច្ចផ្លូវការនៅក្នុងខេត្តសៀមរាប នាពេលឆាប់ៗខាងមុខនេះ។
ក្នុងឱកាសទស្សនកិច្ចនេះ លោក Macron នឹងទទួលបានការបង្ហាញពីសមិទ្ធផលសំខាន់ៗនៃការងារអភិរក្ស បង្កើតឡើងវិញ និងជួសជុលប្រាសាទបុរាណរបស់កម្ពុជា ដែលមានសារៈសំខាន់ប្រវត្តិសាស្ត្រយ៉ាងខ្លាំង។ ក្នុងនោះរួមមាន ប្រាសាទមេបុណ្យខាងលិច ដែលការជួសជុលបានចាប់ផ្តើមតាំងពីឆ្នាំ ២០១២ និង ប្រាសាទបាពួន ដែលបានជួសជុលរួចរាល់ និងសម្ពោធដាក់ឱ្យប្រើប្រាស់ឡើងវិញដោយនាយករដ្ឋមន្ត្រីបារាំងកាលពីឆ្នាំ ២០១១។
លោក Pierre Vincent បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ ២០២៥ ថា ការអញ្ជើញទស្សនកិច្ចនេះ គឺជាសញ្ញាបង្ហាញពីការសហការដ៏ជិតស្និទ្ធរវាងបារាំងនិងកម្ពុជា ជាពិសេសក្នុងវិស័យអភិរក្សប្រាសាទអង្គរ និងបេតិកភណ្ឌវប្បធម៌។
លើសពីនេះ លោកក៏បានលើកឡើងអំពីសារៈសំខាន់នៃភាសាបារាំង នៅក្នុងកិច្ចប្រជុំ ICC Angkor ដែលត្រូវបានប្រើប្រាស់ជាភាសាផ្លូវការមួយក្នុងកិច្ចប្រជុំ និងក្នុងការរួមចំណែកបង្កើនសមត្ថភាពសេដ្ឋកិច្ចវប្បធម៌ និងទេសចរណ៍តំបន់បេតិកភណ្ឌកម្ពុជា។
កិច្ចប្រជុំនេះគ្រោងនឹងក្លាយជាវេទិកាសំខាន់មួយសម្រាប់ពិភាក្សាពីការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការផ្តល់ជំនួយបច្ចេកទេសអន្តរជាតិ ដើម្បីបន្តការពារសម្បត្តិដ៏មានតម្លៃរបស់ជាតិខ្មែរអោយបានបន្តរួចទៅតាមជំនាន់៕
រូបភាព៖ STPM
