
បង្រ្កាបបណ្តាញឆបោកអនឡាញនៅកំពង់ស្ពឺ ឃាត់ជនជាតិចិនចំនួន៦៣នាក់
ខេត្តកំពង់ស្ពឺ៖ កម្លាំងគណៈបញ្ជាការសម្របសម្រួលខេត្តកំពង់ស្ពឺ សហការជាមួយសមត្ថកិច្ច និងអាជ្ញាធរពាក់ព័ន្ធ បានដឹកនាំប្រតិបត្តិការចុះបង្រ្កាបអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅរាត្រីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ ក្នុងតំបន់ភូមិសាស្ត្រឃុំរកាកោះ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
ទីតាំងដែលត្រូវបានបង្រ្កាបជាផ្ទះសំណាក់មួយមានអគារចំនួន៩ ខណៈសមត្ថកិច្ចបានឃើញនិងឃាត់ខ្លួនជនបរទេសសរុបចំនួន ៦៣នាក់ ដែលភាគច្រើនជាជនជាតិចិន ក្នុងចំណោមនេះមានស្ត្រីចំនួន ៤នាក់។
ក្នុងអំឡុងប្រតិបត្តិការ សមត្ថកិច្ចក៏បានប្រមូលវត្ថុតាងសំខាន់ៗ រួមមាន កំព្យូទ័រទូរសព្ទដៃ និងឧបករណ៍ផ្សេងៗដែលប្រើសម្រាប់អំពើឆបោកតាមប្រព័ន្ធអនឡាញ។
បច្ចុប្បន្ន ជនសង្ស័យទាំងអស់ និងវត្ថុតាង ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តអនុវត្តនីតិវិធីតាមផ្លូវច្បាប់។ សមត្ថកិច្ចក៏បានបញ្ជាក់ថា នឹងបន្តចាត់វិធានការតឹងរឹងបំផុតចំពោះបណ្តាញមេក្លោង និងអ្នកសហការដែលពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមបច្ចេកវិទ្យាខុសច្បាប់នេះ៕
