
អគ្គលេខាធិការ នៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ថាប្រជាជនកូរ៉េស្រលាញ់ប្រទេសកម្ពុជា
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងអះអាងថា លោក Kim Jea-Shin អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ បានមានប្រសាសន៍ថា ប្រជាជនកូរ៉េស្រលាញ់ប្រទេសកម្ពុជា។
ការលើកឡើងបែបនេះធ្វើឡើង នារសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ក្នុងឱកាសដែរលោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ អនុញ្ញាតឲ្យលោក KIM JAE-SHIN អគ្គលេខាធិការនៃមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ និងគណៈប្រតិភូ ចូលជួបសម្តែងការគួរសម រាយការណ៍ពីវឌ្ឍនភាពកិច្ចសហប្រតិបត្តិការ និងពិភាក្សាពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែម និងផ្សព្វផ្សាយគោលដៅសក្តានុពលទេសចរណ៍ និងកាលានុវត្តភាពវិនិយោគកម្ពុជាបានទូលំទូលាយដល់ប្រជាជន និងវិនិយោគិនកូរ៉េមកបណ្តាក់ទុនវិនិយោគឱ្យបានកាន់តែច្រើនបន្ថែមទៀត ជាពិសេសការរៀបចំឱ្យមានសកម្មភាពទេសចរណ៍វប្បធម៌សំខាន់ៗ ដែលមានលក្ខណៈជាក់ស្តែង និងប្លែករវាងកម្ពុជា-កូរ៉េផងដែរ។
ឆ្លៀតក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ លោកអគ្គលេខាធិការ និងប្រជាជនកូរ៉េដែលតែងតែជួយជ្រោមជ្រែង និងគាំទ្រដល់រដ្ឋាភិបាលកម្ពុជា និងប្រជាជនកម្ពុជារហូតមក ដែលបន្សល់ទុកនូវសមិទ្ធិផលប្រកបដោយផ្លែផ្កា និងជាក់ស្តែង ទឹកចិត្តស្រលាញ់ប្រទេសកម្ពុជាយ៉ាងជ្រាលជ្រៅរបស់ឯកឧត្តម និងក្រុមគ្រួសារ៕
