
លោក ហ៊ុន ម៉ានី៖ ពេលនេះម៉ោងនេះ ប្រជាជនខ្មែរមានទឹកចិត្តតែមួយ សំឡេងតែមួយ ស្មារតីតែមួយ
ភ្នំពេញ៖លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានថ្លែងថា ពេលនេះ ម៉ោងនេះ ប្រជាជនខ្មែរ មានទឹកចិត្តតែមួយ សំឡេងតែមួយ ស្មារតីតែមួយ – នេះជាកម្លាំងរបស់ជាតិខ្មែរយើង ។
បើតាមលោក ហ៊ុន ម៉ានី «ក្រោមដំបូលផ្ទះតែមួយ ខ្ញុំពិតជាមានមោទនភាពដែលបានកើតមកជាកូនខ្មែរ» តាមរយៈបញ្ហាដែលបានកើតឡើងនាពេលនេះ បានបង្ហាញឱ្យឃើញកាន់ច្បាស់ បន្ទរកាន់តែឮ ពីទឹកចិត្តស្នេហាជាតិបស់កូនខ្មែរ ដែលបានចេញមករួមគ្នាក្រោកឈរធ្វើសកម្មភាពគ្រប់បែបយ៉ាង ដើម្បីជាតិមាតុភូមិ នៅពេលដែលប្រទេសជាតិត្រូវការ។
ខ្ញុំពិតជាសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត សម្រាប់ទឹកចិត្តដែលមិនអាចកាត់ថ្លៃបានរបស់កូនខ្មែរគ្រប់រូប ដែលបានចូលរួមតាមរយៈសកម្មភាពតូចធំជាច្រើនរាប់មិនអស់ រួមបញ្ចូលទាំងការផ្ដល់ឱ្យនូវចេកមួយស្និត ទឹកមួយយួរ និងសកម្មភាពសម្បុរសធម៌នានាជាច្រើននៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
ក្រោមដំបូលផ្ទះតែមួយ ខ្ញុំពិតជារំភើប និងមានមោទនភាពខ្លាំងបំផុតដែលបានកើតមកជាកូនខ្មែរ។ តាមរយៈសកម្មភាព កាយវិការ និងសំឡេងនៃការគាំទ្ររបស់កូនខ្មែរម្នាក់ៗគឺជាការបង្ហាញពី ឆន្ទៈដ៏មុះមុតក្នុងការការពារបូរណភាពទឹកដីប្រកបដោយមនោសញ្ចេតនាដែលកើតចេញពី DNA របស់ខ្មែរ៕
