
ធី សុវណ្ណថា ត្រូវបានបញ្ចប់តំណែង ពីអភិបាលរងក្រុងអរិយក្សត្រ ក្រោយបណ្តេញចេញពីបក្ស
ភ្នំពេញ៖លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសម្រេចបញ្ចប់មុខតំណែងលោកស្រី ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៥នេះ ហើយអភិបាលរងរូបនេះ ក៏ត្រូវបានបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជាផងដែរ បន្ទាប់ពីបង្ហោះសារតាម Facebook មានចរិតមិនសមស្រប ជាមន្រ្តីគ្មានវិន័យប៉ះពាល់ដល់កងទ័ព។
គួររំលឹកថា លោកស្រី ធី សុវណ្ណថា ដែលជាអតីតអភិបាលរងក្រុងអរិយក្សត្រ បានបង្ហោះសារតាមរយៈបណ្តាញសង្គម Facebook ដោយមានខ្លឹមសារថា “ឃើញថា៖ ទ័ពយើងជួរមុខភាគច្រើន មានជំងឺលើសឈាម ទឹកនោមផ្អែម ក្រពះ ថ្លើម តម្រងនោម… ដើមហេតុមកពីការផឹកស្រា..@tha”។
ភ្លាមក្រោយបង្ហោះសារនេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព និងប្រធានគណបក្សប្រជាជនកម្ពុជា បានប្រាប់ទៅលោក គួច ចំរើនឲ្យ បណ្តេញ លោកស្រី ធី សុវណ្ណថា ចេញពីគណបក្សខេត្ត និងប្រាប់ទៅ លោក ស សុខា ឲ្យបញ្ចប់មុខតំណែងពីអភិបាលរងក្រុងអរិយក្សត្រផងដែរ។
តាមរយៈបណ្តាញសង្គម សម្តេចតេជោ បានលើកឡើងថា “យើងគ្មានពេលអប់រំមន្ត្រីដែលគ្មានវិន័យក្នុងពេលដែលកិច្ចការជាតិកំពុង ទាមទារយើងដោះស្រាយនោះឡើយ។ ម្តងហើយម្តងទៀត ធី សុវណ្ណថា បានបង្ហោះសារតាមFacebook ដែលមានចរិតមិនសមស្រប។
ខ្ញុំផ្ទាល់បានហៅទូរស័ព្ទប្រាប់គាត់ឲ្យលុបចោលនៅអត្ថបទ២កាលពីប៉ុន្មានថ្ងៃមុន។ ថ្ងៃនេះគាត់បង្ហោះសារប៉ះពាល់ដល់កងទ័ពក្នុងពេលកងទ័ពកំពុងការពារទឹកដី។ ខ្ញុំបានប្រាប់ទៅឯ.ឧ គួច ចំរើន ប្រធានគណបក្សខេត្តកណ្តាលឲ្យបណ្តេញចេញពីគណបក្សប្រជាជនកម្ពុជា។ ខ្ញុំបានប្រាប់ទៅឯ.ឧ ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃឲ្យបញ្ចប់មុខតំណែង ធី សុវណ្ណថា ពីអភិបាលរងក្រុងអរិយក្សត្រនិងបណ្តេញចេញពីក្របខ័ណ្ឌរដ្ឋទាំងអស់។
បើតាមសម្តេចតេជោ ក្នុងឋានៈជាប្រធានគណបក្សកាន់អំណាច មានសិទ្ធិនិងធ្វើបែបនេះ ដើម្បីរក្សាវិន័យបក្សសម្រាប់មន្ត្រីដែលជាសមាជិកបក្សទាំងអស់។
លោកស្រី ធី សុវណ្ណថា បានទទួលស្គាល់កំហុសរបស់ខ្លួន ហើយចាត់ទុកថានេះ គឺជាការក្រើនរំលឹកដល់មន្ត្រីផ្សេងទៀត ត្រូវតែមានវិន័យ ត្រូវគោរពច្បាប់៕
