Cambodia Trending Close

រាជរដ្ឋាភិបាល នៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះសុវត្ថិភាពយោធសកម្ពុជាចំនួន១៨រូប

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃចន្ទ ទី៤ ខែសីហា ឆ្នាំ២០២៥ ព័ត៌មានជាតិ
រាជរដ្ឋាភិបាល នៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះសុវត្ថិភាពយោធសកម្ពុជាចំនួន១៨រូប រាជរដ្ឋាភិបាល នៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុតចំពោះសុវត្ថិភាពយោធសកម្ពុជាចំនួន១៨រូប

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គមផ្លូវការនារសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៥នេះ បានបញ្ជាក់ជំហរថា បើទោះបីជាស្ថានការណ៍មានការប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ។
សម្តេចធិបតី បានលើកឡើងជូនចំពោះបងប្អូនជនរួមជាតិជាទីស្រលាញ់ថា ទោះជាស្ថានការណ៏មានការវិវត្តប្រែប្រួលយ៉ាងណា ក៏រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តតាមដានដោយយកចិត្តទុកដាក់បំផុត ចំពោះសុវត្ថិភាពរបស់យោធាកម្ពុជាចំនួន១៨រូប ដែលកំពុងស្ថិតក្នុងការឃុំខ្លួនរបស់អាជ្ញាធរថៃ ចាប់តាំងពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៥ និងកំពុងចាត់វិធានការតាមយន្តការចាំបាច់ផ្សេងៗ ដើម្បីឱ្យមានការដោះលែងយោធាកម្ពុជាឱ្យបានឆាប់បំផុត និងមានសុវត្ថិភាព។

ក្នុងនោះ ក្រសួងការពារជាតិ អគ្គមេបញ្ជាការ មេបញ្ជាការយោធភូមិភាគរបស់កម្ពុជា បានធ្វើការជាប់ជាប្រចាំជាមួយភាគីថៃ និងបានស្នើម៉ាឡេស៊ី ក្នុងនាមជាប្រធានអាស៊ាន ធ្វើការជាមួយអាជ្ញាធរថៃលើកិច្ចការនេះ។

រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាមរយៈស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ ធ្វើការជាមួយគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម (ICRC) ដើម្បីខិតខំជំរុញការដោះលែងឱ្យបានឆាប់បំផុត។

ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានប្រគល់ភារកិច្ចជូនគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ធ្វើការជាមួយការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស (OHCHR) គណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានទទួលបន្ទុកសិទ្ធិមនុស្ស (AICHR) និងគណៈកម្មការសិទ្ធិមនុស្សជាតិរបស់ប្រទេសថៃ (National Human Rights Commission of Thailand) ដើម្បីខិតខំជំរុញបន្ថែមទៀតឱ្យមានការដោះលែង និងបញ្ជូនយោធាកម្ពុជាទាំង១៨ រូប ត្រលប់មកមាតុប្រទេសវិញ ឱ្យបានឆាប់បំផុត។

អត្ថបទទាក់ទង