Cambodia Trending Close

អង្គការសហប្រជាជាតិ កំពុងត្រៀមខ្លួនសម្រាប់ការត្រលប់មកកាន់អំណាចវិញ របស់លោក ត្រាំ

ដោយ៖ vannkorn ​​ | ថ្ងៃសៅរ៍ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ព័ត៌មានអន្តរជាតិ
អង្គការសហប្រជាជាតិ កំពុងត្រៀមខ្លួនសម្រាប់ការត្រលប់មកកាន់អំណាចវិញ របស់លោក ត្រាំ អង្គការសហប្រជាជាតិ កំពុងត្រៀមខ្លួនសម្រាប់ការត្រលប់មកកាន់អំណាចវិញ របស់លោក ត្រាំ

(យូអិន)៖ អង្គការសហប្រជាជាតិ (UN) បាននិងកំពុងត្រៀមខ្លួន សម្រាប់ការវិលត្រលប់មកវិញនៃ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិក រួមទាំងលទ្ធភាពដែលអាចទៅរួច ជុំវិញការកាត់បន្ថយមូលនិធិ និងកិច្ចសហការផ្សេងៗ រវាងសហរដ្ឋអាមេរិក ជាមួយស្ថាប័នពិភពលោកមួយនេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី៨ ខែវិច្ឆិកា ឆ្នាំ ២០២៤។

អ្នកការទូតម្នាក់បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា «វាក៏មានក្តីសង្ឃឹមខ្លះដែរថា រដ្ឋបាលអាមេរិកថ្មី នឹងចូលរួមការងារជាមួយ UN លើផ្នែកខ្លះ ទោះបីជាអាចមានការបដិសេធចោល នូវព្រឹត្តិការណ៍មួយចំនួនក៏ដោយ។ យ៉ាងណាមិញ តើមានអ្វីធំ និងប្រសើរជាងស្ថាប័នពិភពលោកមួយនេះ?»។

ក្តីបារម្ភដ៏ចម្បងមួយរបស់ UN នោះគឺការដែលសហរដ្ឋអាមេរិក នឹងកាត់បន្ថយមូលនិធិរបស់ខ្លួនសម្រាប់ UN ការដកខ្លួនពីស្ថាប័ន និងកិច្ចព្រមព្រៀងពហុជាតិសំខាន់ៗ រួមទាំងអង្គការសុខភាពពិភពលោក កិច្ចព្រមព្រៀងអាកាសធាតុទីក្រុងប៉ារីស។ បញ្ហាផ្តល់មូលនិធិពីសហរដ្ឋអាមេរិក គឺជាក្តីបារម្ភបន្ទាន់ ដោយសារតែទីក្រុងវ៉ាស៉ីនតោន គឺជាអ្នករួមចំណែកដ៏ធំបំផុតរបស់ UN និងទី ២បន្ទាប់ពីប្រទេសចិន។ ក្នុងនោះមាន ២២ភាគរយនៃថវិកាស្នូល និង ២៧ភាគរយនៃថវិកាសម្រាប់ការរក្សាសន្តិភាព។

គួរបញ្ជាក់ថា អំឡុងអាណត្តិទី ១ លោក ត្រាំ ធ្លាប់លើកសំណើកាត់បន្ថយប្រហែល ១ភាគ ៣នៃចំនួនអ្នកកាទូត និងកញ្ចប់លុយសម្រាប់ UN រួមទាំងមូលនិធិដល់កងកម្លាំងរក្សាសន្តិភាព និងអង្គការអន្តរជាតិនានាផងដែរ។ ប៉ុន្តែកាលណោះសភាអាមេរិក ដែលជាអ្នកកំណត់កញ្ចប់ថវិការបស់រដ្ឋាភិបាលសហព័ន្ធ បានច្រានចោលសំណើរបស់ លោក ត្រាំ៕

Fresh News