
សម្តេចបវរធិបតី បានអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ជាពិសេសយុវជនធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នា
នាយករដ្ឋមន្ដ្រីអំពាវនាវឱ្យពលរដ្ឋទាំងអស់ពិសេសយុវជនប្រើពាក្យសម្ដីដោយការគោរពជាមួយអ្នកដទៃ
តាមរយះបណ្តាញសង្គមរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា នាព្រឹកថ្ងៃទី ៤ ខែមីនា ឆ្នាំ២០២៥នេះ បានលើកឡើងថា “ក្នុងមួយរយៈនេះ ខ្ញុំសង្កេតឃើញមានសកម្មភាពឬការបញ្ចេញមតិរបស់បងប្អូនមួយចំនួន ដែលធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ និងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ ជាពិសេសស្ត្រីភេទ”។
“សូមប្រជាពលរដ្ឋខ្មែរទាំងអស់ ពិសេសយុវជន ធ្វើសកម្មភាព ឬប្រើប្រាស់ពាក្យសម្ដីជាមួយអ្នកដទៃដោយការគោរពគ្នាទៅវិញទៅមក និងប្រកាន់ខ្ជាប់នូវសីលធម៌ គុណធម៌ និងសេចក្តីថ្លៃថ្នូររបស់ខ្មែរយើង ឱ្យស័ក្តិសមជាប្រជាពលរដ្ឋដែលរស់នៅក្នុងសង្គមស៊ីវិល័យ។” នេះគឺជាការអំពាវនាវរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា។
សម្តេចបវរធិបតី បានបន្តថា “ខ្ញុំគិតថាអ្នកដែលធ្វើសកម្មភាពឬនិយាយមួយចំនួន ប្រហែលជាមិនមានចេតនាអាក្រក់នោះទេ ហើយគ្រាន់តែចង់បានការចាប់អារម្មណ៍ពីសំណាក់អ្នកមើលឬអ្នកស្ដាប់ចំពោះសកម្មភាពឬពាក្យសម្តីរបស់ខ្លួន និងអាចចាត់ទុកថាជារឿងលេងសើចធម្មតាមិនមានអ្វីធ្ងន់ធ្ងរនោះទេ ប៉ុន្តែបងប្អូនមិនបានចាប់អារម្មណ៍ថាសកម្មភាពឬពាក្យសម្ដីទាំងនោះអាចប៉ះពាល់យ៉ាងខ្លាំងទៅដល់អារម្មណ៍ ក៏ដូចជាសេចក្តីថ្លៃថ្នូរបស់អ្នកដែលត្រូវទទួលរងនូវសកម្មភាពឬពាក្យសំដីទាំងនោះទេ”។
សម្ដេចបន្ថែមថា “បើទោះបីជាសកម្មភាពស្របច្បាប់ ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម។ សូមធ្វើចំពោះអ្នកដទៃ ដូចអ្វីដែលយើងចង់ឱ្យអ្នកដទៃធ្វើចំពោះយើង និងកុំធ្វើអ្វីចំពោះអ្នកដទៃ ដូចអ្វីដែលយើងមិនចង់ឱ្យអ្នកដទៃធ្វើមកលើយើង។”
ការលើកឡើងដូច្នេះរបស់នាយករដ្ឋមន្ដ្រីកម្ពុជា បន្ទាប់ពីមានពិធីកររបស់ស្ថានីយទូរទស្សន៍ក្នុងស្រុកមួយ បានប្រើពាក្យសម្ដីលេងលើចលើនារីជាអ្នកលើកស្លាកទឹកក្នុងកម្មវិធីប្រដាល់គុនខ្មែរ ដែលធ្វើឱ្យមហាជនផ្ទុះការរិះគន់យ៉ាងខ្លាំង និងចាត់ទុកថាជាការលេងសើចជ្រុល ប៉ះពាល់ដល់សេចក្ដីថ្លៃថ្នូររបស់ស្ដ្រី “បើទោះបីជាសកម្មភាពស្របច្បាប់ឬការបញ្ចេញមតិជាសិទ្ធិរបស់បុគ្គល ប៉ុន្តែការគោរពសិទ្ធិនិងសេចក្តីថ្មីថ្នូររបស់អ្នកដទៃ គឺជាកាតព្វកិច្ចសីលធម៌របស់យើងទាំងអស់គ្នា និងដែលយើងត្រូវប្រកាន់ខ្ជាប់គ្រប់ពេលវេលា ដើម្បីចូលរួមថែរក្សាសុខដុមនីយកម្មសង្គម”៕

