
រយៈពេល២ថ្ងៃ ទេសចរជិត៦ម៉ឺននាក់ មកទស្សនា «សមរាត្រី» នៅអង្គរ
សៀមរាប៖ ទេសចរជិត៦ម៉ឺននាក់ ទៅទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្ដាល ប្រាសាទអង្គរវត្ត គឺនៅថ្ងៃទី២១ និង២២ ខែមីនា ឆ្នាំ២០២៥នេះ។ បើយោងតាមទិន្នន័យពីរដ្ឋបាលខេត្តសៀមរាប ក្នុងចំណោមទេសចរសរុប ក្នុងនោះមានទេសចរជាតិចំនួនប្រមាណ ៥ពាន់នាក់។
«សមរាត្រី» ប្រាសាទអង្គរវត្ត ក្លាយជាកន្លែងទេសចរណ៍ទាក់ទាញមួយ ក្នុងខេត្តសៀមរាប ដែលទាក់ទាញទេសចរមកទស្សនារាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ ថ្ងៃរះចំកំពូលប្រាសាទ គឺជាព្រឹត្តិការណ៍កម្រ ដែលកើតមានតែពីរដងប៉ុណ្ណោះក្នុងមួយឆ្នាំ គឺកើតនៅអំឡុងខែមីនា ជាសមរាត្រីរដូវប្រាំង និងអំឡុងខែកញ្ញា ជាសមរាត្រីរដូវវស្សា។
មិនខុសពីឆ្នាំមុនៗឡើយ ឆ្នាំនេះទេសចរជាតិ និងអន្តរជាតិ រាប់ម៉ឺននាក់ បានក្រោកពីដំណេកមុនម៉ោង៥ព្រឹក ដើម្បីបានទស្សនា និងផ្ដិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យ និងមានតែមួយនៅលើលោកនេះ។ នៅថ្ងៃទីមួយនៃសមរាត្រី ថ្ងៃទី២១ ខែមីនា ម្សិលមិញនេះ មានអ្នកទេសចរ និងពលរដ្ឋក្នុងខេត្តសរុបប្រមាណ ១ ៦០០០នាក់ ទៅទស្សនាព្រឹត្តិការណ៍សមរាត្រីនៅអង្គរ ក្នុងនោះមានទេសចរបរទេសប្រមាណ ៣ ៥០០នាក់។
យោងតាមទិន្នន័យដដែល នៅព្រឹកនេះវិញ ជាថ្ងៃសមរាត្រីទី២ ថ្ងៃទី២២ ខែមីនា មានទេសចរ និងពលរដ្ឋក្នុងខេត្តសរុបប្រមាណ ៣ ៤០០០នាក់ ក្នុងនោះទេសចរបរទេសមានប្រមាណ ៣ ៥០០នាក់ មកទស្សនាសមរាត្រី នៅអង្គរវត្ត។
គួរជម្រាបផងដែរថា សមរាត្រីរដូវប្រាំង ឆ្នាំ២០២៥នេះ រំពឹងកើតឡើងរយៈពេល៣ថ្ងៃ គឺថ្ងៃទី២១ ២២ និង២៣ ខែមីនា។ ដូច្នេះលោកអ្នកនាង ដែលមិនទាន់បានទៅទស្សនា អាចទៅនៅថ្ងៃស្អែក ដែលជាថ្ងៃចុងក្រោយនៃព្រឹត្តិការណ៍ដ៏កម្រនេះ៕

