
ប្រពៃខ្លាំងណាស់ថ្នាលគុណភាពធន់ ឧត្តម បានឱកាសដំបូងប្រកួតអន្តរជាតិចំថ្ងៃចូលឆ្នាំថ្មី
ធន់ ឧត្តម ជាកីឡាករគីឡូស្រាលថ្នាលគុនខ្មែរម្នាក់ ដែលត្រូវបានមហាជនស្ញើចសរសើរទឹកចិត្តមោះមុតរបស់គេរាល់ការប្រកួតម្តងៗមិនថាចាញ់ ឬក៏ឈ្នះ តែងតែក្លាហាន ធ្វើអស់ពីសមត្ថភាព។ ដោយមើលឃើញការខិតខំប្រឹងប្រែងរបស់កុមារាស្នងគុនខ្មែរម្នាក់នេះ ស្ថានីយទូរទស្សន៍ជាតិកម្ពុជា ទទក បានផ្តល់ឱកាសមាសដល់ឧត្តម ពោលគឺនឹងត្រូវធ្វើការប្រកួតអន្តរជាតិ លើកដំបូងប៉ះកីឡាករថៃនៅថ្ងៃចូលឆ្នាំថ្មី ប្រពៃណីខ្មែរនៅឯក្រុងស្ទឹងត្រែង ។
ឧត្តមនឹងតទល់ជាមួយម្ចាស់ខ្សែក្រវាត់ មកពីប្រទេសថៃ សិបចៅ ថងណយ ក្នុងប្រភេទទម្ងន់ ៣៤គីឡូក្រាមលក្ខខណ្ឌគុនខ្មែរ ៣ទឹក ។ គ្រាន់តែដឹងថាខ្លួនទទួលបានការផ្តល់ឱកាសដ៏ល្អបែបនេះ ឧត្តមដែលជាអ្នកស្រលាញ់ការហ្វឹកហាត់ ស្រលាញ់ជ័យជម្នះផងនោះ កំពុងតែលត់ដំខ្លួនទ្វេរដងជាមួយលោកគ្រូ ធន់ សុភា និងសិស្សច្បងដ៏ទៃទៀត ដើម្បីត្រៀមប្រកួតមួយនេះ ក្រោមក្រសែភ្នែករបស់ពុកម៉ែបងប្អូន ដែលនឹងមកចូលរួមទស្សនាយ៉ាងច្រើនកុះកុរ ហើយសង្ឃឹមថាបងប្អូននឹងស្រែកហ៊ោ ផ្តល់កម្លាំងចិត្តសម្រាប់ការប្រកួតមួយនេះ ។
សូមបញ្ជាក់ផងដែរថាធន់ ឧត្តម នឹងសិបចៅ ថងណយ ត្រូវប្រកួតគ្នាថ្ងៃទី១៥ ខែ មេសា ឆ្នាំ ២០២៥ នៅភូមិត្រពាំងព្រីង សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង លើសង្វៀន Krud Kun Khmer ក្រៅពីនេះក៏មានការប្រកួតគូល្អៗដណ្តើម និងការពារខ្សែក្រវាត់ជាច្រើនគូផ្សេងទៀតផងដែរ៕

