
កម្ពុជា-JICA ពិភាក្សាគ្នា ដើម្បីរៀបចំផែនការមេអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក

ភ្នំពេញ៖ លោក ហេង ណន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជួបប្រជុំជាមួយគណៈប្រតិភូជប៉ុនដឹកនាំដោយ លោក SANJO AKIHITO អគ្គនាយកនៃអគ្គនាយកដ្ឋានគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធ ជប៉ុន និងក្រុមការងារជំនាញការទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីពិភាក្សាអំពីផែនការមេអភិវឌ្ឍន៍កំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែក្នុងតំបន់ និងមជ្ឈមណ្ឌលឡូជីស្ទីក។
កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ គឺជាកិច្ចប្រជុំដំបូង ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បីសរុបលទ្ធផលការងារដែលក្រុមការងារជំនាញការទីភ្នាក់ងារ JICA បានចុះសិក្សាផែនការលម្អិតលើការរៀបចំអនុវត្តគម្រោងអភិវឌ្ឍន៍ផែការមេដើម្បីប្រែក្លាយកំពង់ផែក្រុងព្រះសីហនុ ទៅជាកំពង់ផែ និងមជ្ឈមណ្ឌលឡូជីស្ទីកក្នុងតំបន់ ដែលត្រូវបានរដ្ឋាភិបាលជប៉ុនអនុម័តដាក់បញ្ចូលទៅក្នុងកម្មវិធីកិច្ចសហប្រតិបត្តិការបច្ចេកទេសក្នុងឆ្នាំសារពើពន្ធ២០២៥។
តាមការរំពឹងទុក ផែនការមេនេះ នឹងជួយពង្រីកសក្តានុពលនៃប្រព័ន្ធឡូជីស្ទីកនៅកម្ពុជាឱ្យបានកាន់តែល្អ និងមានគុណភាពល្អប្រសើរ សំដៅបង្កើនសមត្ថភាពនៃប្រតិបត្តិការ និងសេវាកម្មរបស់កំពង់ផែក្រុងព្រះសីហនុ ឱ្យកាន់តែធំ និងខ្លាំងក្លាជាងមុន ដែលនឹងជួយកាត់បន្ថយថ្លៃដើមដឹកជញ្ជូននៅកម្ពុជា និងពង្រឹងឧត្តមភាពប្រកួតប្រជែងជាមួយកំពង់ផែធំៗ ក្នុងតំបន់ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិកម្ពុជា ស្របតាមចក្ខុវិស័យនៃការប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលកម្រិតខ្ពស់ឆ្នាំ២០៥០៕
\

