
ចាប់ខ្លួនជនសង្ស័យ២០នាក់ នៅខណ្ឌមានជ័យ ពាក់ព័ន្ធករណីគ្រឿងញៀន ក្រោយពលរដ្ឋរាយការណ៍តាម App Nodrug
ភ្នំពេញ៖ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥ ឧត្ដមសេនីយ៍ទោ ឃន តារាសម្បត្តិ អគ្គលេខាធិការរង និងជាប្រធានអនុគណៈកម្មការប្រចាំបញ្ជា២៤ម៉ោង បានបញ្ជាកម្លាំងអនុគណៈកម្មការ សហការនិងផ្តល់ព័ត៌មានដល់កម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំដោយ ឧត្ដមសេនីយ៍ទោ គល់ យី ស្នងការរងទទួលផែនការងារប្រឆាំងគ្រឿងញៀន និងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មាន កម្លាំងសមត្ថកិច្ចបានចុះទៅដល់ទីតាំង និងធ្វើការស្រាវជ្រាវមុខសញ្ញាដែលប្រជាពលរដ្ឋរាយការណ៍ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
កម្លាំងសមត្ថកិច្ចបានកំណត់ថា ទីតាំងខាងលើជាតំបន់ស្មុគស្មាញ សំណង់មិនរៀបរយ និងជាតំបន់ងាយរងគ្រោះដោយបទល្មើសគ្រឿងញៀន ពីមុខសញ្ញាដែលរស់នៅក្នុងមូលដ្ឋានខាងលើ លុះមកដល់ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដោយមានបទបញ្ជាពី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់កម្លាំងជំនាញ ការិយាល័យប្រឆាំងគ្រឿងញៀន ចុះសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ ចុះធ្វើរដ្ឋបាល។
ទី១.នៅចំណុចសំណង់មិនរៀបរយ ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន១៣នាក់ (ស្រី០៤នាក់)។
ទី២.នៅចំណុចសំណង់មិនរៀបរយ ភូមិដីថ្មី សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន០៧នាក់ (ស្រី០៣នាក់)។ សរុបឃាត់ខ្លួនអ្នកប្រើប្រាស់គ្រឿងញៀន ចំនួន២០នាក់ (ស្រី០៧នាក់)។
បច្ចុប្បន្នអ្នកប្រើប្រាស់គ្រឿងញៀនខាងលើ បានបញ្ជូនមកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

