Cambodia Trending Close

កងទ័ពពិសេសកម្ពុជា ទទួលជួបគណៈប្រតិភូអង្គភាពប្រតិបត្តិការពិសេសអូស្ត្រាលី ដើម្បីពង្រឹងសហប្រតិបត្តិការយោធាអន្តរជាតិ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃពុធ ទី៣០ ខែមេសា ឆ្នាំ២០២៥ ព័ត៌មានជាតិ ព័ត៌មានអន្តរជាតិ សង្គម
កងទ័ពពិសេសកម្ពុជា ទទួលជួបគណៈប្រតិភូអង្គភាពប្រតិបត្តិការពិសេសអូស្ត្រាលី ដើម្បីពង្រឹងសហប្រតិបត្តិការយោធាអន្តរជាតិ កងទ័ពពិសេសកម្ពុជា ទទួលជួបគណៈប្រតិភូអង្គភាពប្រតិបត្តិការពិសេសអូស្ត្រាលី ដើម្បីពង្រឹងសហប្រតិបត្តិការយោធាអន្តរជាតិ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០២៥ គណៈប្រតិភូអង្គភាពប្រតិបត្តិការពិសេសអូស្ត្រាលី ដឹកនាំដោយលោកវរសេនីយ៍ត្រី ខាល់ បៀមែន (Carl Biermann) បានអញ្ជើញមកទស្សនៈកិច្ច និងជួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ត្រី មួន សាម៉េត មេបញ្ជាការរង នាយសេនាធិការបញ្ជាការដ្ឋានទ័ពពិសេស តំណាងឧត្តមសេនីយ៍ទោ ស៊ុំ សំណាង មេបញ្ជាការ កងទ័ពពិសេស កងទ័ពជើងគោក នៅទីស្នាក់ការកណ្តាល។

ក្នុងជំនួបមិត្តភាពនេះ ឧត្តមសេនីយ៍ត្រី មួន សាម៉េត បានជម្រាបជូនអំពីផ្ទៃនយោបាយ សេដ្ឋកិច្ច និងសន្តិសុខរបស់កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ លោកបានបង្ហាញអំពីតួនាទីសំខាន់ៗរបស់កងទ័ពពិសេសក្នុងការរក្សាអធិបតេយ្យភាព បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ និងការរួមចំណែកជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការរក្សាសន្តិភាពសង្គម និងអភិវឌ្ឍន៍ប្រទេសជាតិ។

ភាគីអូស្ត្រាលី បានសម្ដែងក្តីសរសើរចំពោះសមត្ថភាពរឹងមាំ និងការប្រឹងប្រែងរបស់កងទ័ពពិសេសកម្ពុជា។ លោកវរសេនីយ៍ត្រី ខាល់ បៀមែន បានលើកឡើងនូវសំណើសហការសំខាន់ ៣ចំណុច រួមមាន៖
១. ការហ្វឹកហ្វឺនរួមពាក់ព័ន្ធនឹងសម្រូតខ្សែពួរ តូច-ធំ ការងារសង្គ្រោះ និងមនុស្សធម៌ ដោយអូស្ត្រាលីជាអ្នករៀបចំគម្រោង។
២. ការហ្វឹកហ្វឺនសមត្ថភាពឯកទេសក្នុងតំបន់សមុទ្រនិងជំនាញមុជទឹក។
៣. ផ្ដល់ឱកាសអោយកងទ័ពកម្ពុជាចូលរួមហ្វឹកហ្វឺន និងផ្លាស់ប្តូរបទពិសោធន៍នៅប្រទេសអូស្ត្រាលី តាមរយៈសេនានុព័ន្ធអូស្ត្រាលីប្រចាំនៅកម្ពុជា។

ឆ្លើយតបចំពោះសំណើនេះ ឧត្តមសេនីយ៍ត្រី មួន សាម៉េត បានអះអាងថា នឹងដាក់ជូនមេបញ្ជាការថ្នាក់លើដើម្បីពិនិត្យ និងផ្ដល់ជាការសម្រេចនៅពេលក្រោយ។

ក្រោយពីជំនួបនេះ គណៈប្រតិភូអូស្ត្រាលីក៏បានទស្សនាការសម្តែងសមហេតុការណ៍សម្រូតខ្សែពួរ និងសកម្មភាពប្រឆាំងភេរវកម្ម របស់កងទ័ពពិសេសកម្ពុជា ដែលបង្ហាញពីការចុងខ្សែការបង្រៀនស្មើស្មាន និងវិជ្ជាជីវៈខ្ពស់៕

អត្ថបទទាក់ទង