
អាជ្ញាធរជាតិអប្សរា រៀបចំចុះបញ្ជីថ្មនៅជុំវិញប្រាសាទបាយ័ន ដើម្បីថែរក្សា និងពង្រឹងអត្តសញ្ញាណបេតិកភណ្ឌ
ក្រុមការងារនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា កំពុងបន្តការងាររៀបចំចុះបញ្ជីថ្មនៅជុំវិញប្រាសាទបាយ័ន។ ការងារនេះធ្វើឡើងក្នុងគោលបំណងឲ្យមានសណ្ដាប់រៀបរយល្អ នៅក្នុងការទុកដាក់ និងងាយស្រួលក្នុងការទាញយកប្រើប្រាស់នៅពេលអនាគត។
លោក ធឿន សុខុន មន្រ្តីបច្ចេកទេសនៃនាយកដ្ឋាន បានឱ្យដឹងថា ក្រុមការងារបានអនុវត្តកិច្ចការនេះអស់រយៈពេលជិត ៥ខែមកហើយ ដោយបានកំណត់យកតួអក្សរផ្សេងៗសម្រាប់តាងដើម្បីសម្គាល់ថ្មនីមួយៗ។ ថ្មទាំងនេះមានខ្លះជាបំណែករូបព្រះពុទ្ធ ព្រះកេស ផ្តែរ និងចម្លាក់បុរាណផ្សេងៗទៀត។
បុរាណវិទូ លោក ផុន តារា បានបញ្ជាក់ថា ថ្មដែលត្រូវបានចុះបញ្ជីនឹងត្រូវផ្ទេរទៅរក្សាទុកនៅបរិវេណប្រាសាទបាភួន។ ចំពោះបំណែកសំខាន់ៗដូចជាកំពូលប្រាសាទ ឬមុខព្រហ្មបួន អ្នកជំនាញនឹងពិនិត្យបំពេញនិងផ្គុំទៅតាមទីតាំងដើមវិញ ប្រសិនបើអាចកំណត់បានជាក់លាក់។
ទន្ទឹមនិងនោះ លោក ផុន តារា សង្ឃឹមថា ការរៀបចំនេះ នឹងជួយសម្រួលដល់ការជួសជុលប្រាសាទឡើងវិញ និងអាចលើកតម្លៃប្រាសាទបាយ័ន ឲ្យកាន់តែរុងរឿងនាពេលអនាគត៕

