Cambodia Trending Close

មន្រ្តីធនធានទឹកកម្ពុជា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយលោកស្រី ELENA SEVELINA ប្រធានក្រុមបេសកកម្មនៃកម្មវិធីភាពជាដៃគូ ដើម្បីហេដ្ឋារចនាសម្ព័ន្ធ

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃសុក្រ ទី២៣ ខែឧសភា ឆ្នាំ២០២៥ បច្ចេកវិទ្យា ព័ត៌មានជាតិ សង្គម
មន្រ្តីធនធានទឹកកម្ពុជា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយលោកស្រី ELENA SEVELINA ប្រធានក្រុមបេសកកម្មនៃកម្មវិធីភាពជាដៃគូ ដើម្បីហេដ្ឋារចនាសម្ព័ន្ធ មន្រ្តីធនធានទឹកកម្ពុជា ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយលោកស្រី ELENA SEVELINA ប្រធានក្រុមបេសកកម្មនៃកម្មវិធីភាពជាដៃគូ ដើម្បីហេដ្ឋារចនាសម្ព័ន្ធ

ភ្នំពេញ៖ នាព្រឹកទី២២ ខែឧសភា ឆ្នាំ២០២៥ លោក ឈុន ពុទ្ធារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស ក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូក្រុមបេសកកម្មនៃកម្មវិធីភាពជាដៃគូដើម្បីហេដ្ឋារចនាសម្ព័ន្ធ ដឹកនាំដោយលោកស្រី ELENA SEVELINA ប្រធានអ្នកជំនាញការកម្មវិធីភាពជាដៃគូ ដើម្បីហេដ្ឋារចនាសម្ព័ន្ធ ស្តីពីការសិក្សាអំពីបរិបទ នៃការគ្រប់គ្រងគម្រោងវិនិយោគសាធារណៈជាមួយរដ្ឋាភិបាលអូស្ត្រាលី នៅសាលប្រជុំរំដួលនៃទីស្តីការក្រសួងធនធានទឹក និងឧតុនិយម។
សូមជម្រាបថា កិច្ចប្រជុំនាពេលនេះមានការអញ្ជើញចូលរួមពីមន្ត្រីស្ថានទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានកិច្ចការបច្ចេកទេស និងនាយកដ្ឋានជំនាញពាក់ព័ន្ធក្រោមឱវាទនៃក្រសួងធនធានទឹក និងឧតុនិយម ដែលរួមមាន នាយកដ្ឋានផែនការ និងសហប្រតិបត្តិការអន្តរជាតិ នាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ នាយកដ្ឋានឧតុនិយម នាយកដ្ឋានធារាសាស្ត្រកសិកម្ម នាយកដ្ឋានទឹកស្អាត និងអនាម័យ នាយកដ្ឋានវិស្វកម្ម នាយកដ្ឋានគ្រប់គ្រង និងអភិរក្សធនធានទឹក និងនាយកដ្ឋានសហគមន៍កសិករប្រើប្រាស់ទឹកជាច្រើនរូប។
លោកអគ្គនាយក បានមានប្រសាសន៍ឱ្យដឹងថា គោលបំណងសំខាន់នៃកិច្ចប្រជុំ គឺ ១)ផ្តល់ព័ត៌មានជូនភាគីពាក់ព័ន្ធនិងទិដ្ឋភាពទូទៅអំពីគោលបំណងនៃគម្រោង ២)ប្រមូលព័ត៌មានអំពីការធ្វើផែនការហេដ្ឋារចនាសម្ព័ន្ធបច្ចុប្បន្ន និងដំណើរការកំណត់អាទិភាព ៣)យល់ដឹងអំពីតួនាទីរបស់ស្ថាប័ន បញ្ហាប្រឈមក្នុងការសម្រេចចិត្តវិនិយោគ និងនីតិវិធីស្តង់ដាសម្រាប់ហិរញ្ញប្បទានគម្រោងវិនិយោគសាធារណៈ និង៤)ផ្តល់ព័ត៌មានដល់សំណើអនុសាសន៍ដែលនឹងបង្កើនសមត្ថភាពរបស់ CED ក្នុងការគាំទ្រការវិនិយោគសាធារណៈដោយផ្អែកលើភស្តុតាង។
ទន្ទឹមនឹងនេះ លោកអគ្គនាយកបានបញ្ជាក់ឱ្យដឹងថា ជាលទ្ធផលកិច្ចប្រជុំបានឯកភាពនៅក្នុងការជំរុញឱ្យក្រសួងពិនិត្យមើលគម្រោងអាទិភាពក្នុងផែនការវិនិយោគថ្នាក់ខេត្ត(PIP) ដែលត្រូវដាក់បញ្ចូលក្នុងកម្មវិធីវិនិយោគ ហើយខាងក្រុមជំនាញការនឹងពិភាក្សាបន្ថែមទៀតជាមួយមន្ត្រីជំនាញការផ្ទាល់ក្នុងករណីមានតម្រូវការផ្សេងៗ។
សូមបញ្ជាក់ថា ដំណើរចុះបេសកកម្មរបស់លោកស្រី ELENA SEVELINA ប្រធានអ្នកជំនាញការនៃកម្មវិធីភាពជាដៃគូ ដើម្បីហេដ្ឋារចនាសម្ព័ន្ធ និងសហការី មានរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥ ក្នុងនោះមានក្រសួងស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជាចំនួន ១៨ ដែលពាក់ព័ន្ធ៕

អត្ថបទទាក់ទង