
សម្តេចតេជោ ស្នើឲ្យពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធីខ្មែរ AI ដើម្បីលើកទឹកចិត្តស្មាដៃកូនខ្មែរ
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កម្ពុជា តាមរយៈបណ្តាញសង្គមនាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥នេះ បានបង្ហោះសារដោយស្នើសុំឲ្យពលរដ្ឋខ្មែរប្រើប្រាស់កម្មវិធីខ្មែរ AI ដែលជាព័ត៌មាមឆ្លាតវៃ មានទិន្នន័យជាង៥០ម៉ឺនអត្ថបទ។ សម្តេចតេជោ បានបង្ហោះសារដោយមានខ្លឹមសារថា “ខ្ញុំបានប្រើប្រាស់ Fresh AI ដែលជាកម្មវិធី AI ព័ត៌មានឆ្លាតវៃរបស់ខ្មែរលើកដំបូង គឺងាយស្រួល គ្រាន់តែចុចសួរនាំអ្វីៗជាភាសាខ្មែរ ពាក់ព័ន្ធព័ត៌មានជុំវិញពិភពលោក និងព័ត៌មានចំណេះដឹងផ្សេងៗ វានឹងឆ្លើយតបលឿនរហ័ស ដោយសង្ខេបព័ត៌មាន និងលីងព័ត៌មានពាក់ព័ន្ធជាច្រើន។
កម្មវិធីនេះដើរតួនាទីជា AI ផងនិងដូច Google នៅពេលយើងត្រូវការរកព័ត៌មាន យើងអាចចូលស្វែងរកក្នុង App នេះបាន”។ សម្តេចតេជោ បានបន្ថែមទៀតថា “Fresh AI មានទិន្នន័យផ្ទាល់ខ្លួនជាង៤០០លានពាក្យ (400,000,000) ស្មើជាង៥០ម៉ឺនអត្តបទ និងបន្ថែមបញ្ចូលជារៀងរាល់ថ្ងៃ ធ្វើឱ្យព័ត៌មានកាន់តែច្រើនឡើង និងធ្វើឲ្យកាន់តែឆ្លាតវៃក្នុងការរកព័ត៌មាន។
វាជាមោទនភាពរបស់ខ្មែរយើងដែលមានកម្មវិធី AI ព័ត៌មានលើកដំបូងបង្កើតឡើងដោយ អង្គភាពព័ត៌មាន Fresh News ខ្ញុំស្នើសូមបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ នាំគ្នាប្រើប្រាស់កម្មវិធីខ្មែរ AI ដើម្បីលើកទឹកចិត្តស្នាដៃខ្មែរ”៕

