
ក្រសួងបរិស្ថាន និងUNDP សហការរួមគ្នាលើកកម្ពស់សកម្មភាពអាកាសធាតុនៅកម្ពុជា
ភ្នំពេញ៖ ក្នុងកំឡុងពេលចូលរួមសន្និសីទសកលលើកទី៦ ស្តីពីការធ្វើសមាហន្តកម្មការប្រែប្រួលអាកាសធាតុ និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពនៅទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម សាន វណ្ណទី រដ្ឋលេខាធិការប្រចាំការក្រសួងបរិស្ថានបានដឹកនាំមន្ត្រីជំនាញ ទទួលជួបពិភាក្សាការងារជាមួយលោក Mr. George Gray Molina នាយកផ្នែកកំណើនប្រកបដោយបរិយាបន្ន របស់ UNDP មកពីការិយាល័យកណ្តាលទីក្រុងញូយ៉ក សហរដ្ឋអាមេរិក។
លោក George បានកោតសរសើរ និងវាយតម្លៃខ្ពស់លើកិច្ចសហការរវាងរាជរដ្ឋាភិបាលកម្ពុជា និងUNDP ជាពិសេសក្រសួងបរិស្ថានក្នុងកិច្ចការពារបរិស្ថាន ការអភិរក្សធនធានធម្មជាតិ និងការឆ្លើយតបការប្រែប្រួលអាកាសធាតុ។
លោកបានចូលរួមអបអរសារទរចំពោះរាជរដ្ឋាភិបាលកម្ពុជាក្នុងការអនុម័ត និងប្រកាសដាក់ឱ្យប្រើប្រាស់ «ផែនការយុទ្ធសាស្ត្រឆ្លើយតបការប្រែប្រួលអាកាសធាតុដំណាក់កាលទី២ ២០២៤-២០៣៣» កាលពីថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ កន្លងទៅនេះ និងការដឹកនាំសម្របសម្រួលរបស់ក្រសួងបរិស្ថានដែលកំពុងរៀបចំ NDC3.0។
ឯកឧត្តម សាន វណ្ណទី បានថ្លែងអំណរគុណចំពោះកិច្ចសហការភាពជាដៃគូជាមួយ UNDP នៅកម្ពុជា លើការងារឆ្លើយតបការប្រែប្រួលអាកាសធាតុ ជាពិសេសរៀបចំ NDC3.0 ដែលកម្ពុជាត្រូវដាក់ជូនលេខាធិការដ្ឋាន UNFCCC នៅខែកក្កដា ឆ្នាំ២០២៥ នៅមុន COP30 នៅប្រទេសប្រេស៊ីល។
ឯកឧត្តមរដ្ឋលេខាធិការបានស្នើឱ្យ UNDP ជួយគាំទ្រដល់ក្រសួងបរិស្ថានក្នុងការរៀបចំសាកល្បងសហគមន៍អព្យាក្រឹតកាបូននៅតំបន់តំបន់គោលដៅបៃតងខ្នងផ្សារ និងសហគមន៍កោះស្រឡៅ៕

