
មកស្គាល់ភ្នំតាមីន តំបន់ប្រវត្តិសាស្រ្តយោធាកម្ពុជា ដណ្តើមពីថៃមកកាន់កាប់វិញ
ភ្នំពញ៖ ភ្នំតាមីន ឈ្មោះនេះត្រូវបានដាក់តាមឈ្មោះរបស់ នាយឧត្តមសេនីយ៍ យន្ត មីន បច្ចុប្បន្នជា រដ្ឋលេខាធិការក្រសួងការពារជាតិ ដែលបានតស៊ូដណ្តើមភ្នំពីថៃ មកកាន់កាប់វិញ។
នៅចុងឆ្នាំ១៩៨៩ ភ្នំជាយុទ្ធសាស្ត្រនេះ ត្រូវធ្លាក់ក្នុងការកាន់កាប់ត្រួតត្រាដោយយោធាប្រទេសជិតខាង(ថៃ) ដោយមានការតស៊ូ ព្យាយាមចរចាគ្រប់វិធីរបស់វរសេនីយ៍ឯក យន្ត មីន ជាមេបញ្ជាការតំបន់សឹងរងកោះកុង ជាមួយកងទ័ពដែលកាន់កាប់ភ្នំនេះប្រមាណ១ឆ្នាំកន្លះ (ពីឆ្នាំ២០០៣ ដល់ ឆ្នាំ២០០៤) ទើបកងទ័ពគេដកថយចេញពីទីតាំងនេះដោយសន្តិវិធី។
ថ្ងៃទី១០ កក្កដា ឆ្នាំ២០០៤ វរសេនីយ៍ឯក យន្ត មីន មេបញ្ជាការតំបន់សឹករងកោះកុង លោកវរសេនីយ៍ទោ ចំរើន សាខន មេបញ្ជាការវរៈការពារព្រំដែនលេខ៣០៣ និងសហការីពីយោធាខេត្ត វរៈចំនួន៥៤នាក់ បានឡើងទៅកាន់កំពូលភ្នំ និងទីតាំងដែលទ័ពបរទេសឈរជើង ហើយបង្ហូតទង់ជាតិកម្ពុជា និងដាក់កម្លាំងកម្ពុជាយើងឈរប្រចាំការវិញរហូតដល់សព្វថ្ងៃ ។
ក្រោយពីនោះមកបងប្អូននៅតំបន់នោះហៅតៗគ្នាថាភ្នំតាមីនៗ រហូតដល់ខែធ្នូ ឆ្នាំ២០១១ ថ្នាក់លើបានសម្រេច ដាក់ឈ្មោះភ្នំនេះជាផ្លូវការថា៖ ភ្នំតាមីន រហូតដល់សព្វថ្ងៃនេះ ហើយត្រូវបានរាជរដ្ឋាភិបាល ដាក់ឈ្មោះជាផ្លូវការថា «តំបន់ប្រវត្តិសាស្រ្តយោធាតេជោភ្នំតាមីន»។ ភ្នំតាមីននេះ គឺជាឈ្មោះរបស់នាយឧត្តមសេនីយ៍ យន្ត មីន បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងការពារជាតិកម្ពុជា។
ជាមួយគ្នានោះដែរ ក៏មានឯកសារខ្លះទៀត បានបង្ហាញអំពីប្រវត្តិខ្លះៗ នៃភ្នំតាមីន នេះថា ក្រោយការចូលឈ្លានពានដោយទាហានឈុតខ្មៅថៃ នៅវត្តកែវសិក្ខាគិរីស្វារៈ តំបន់ប្រាសាទព្រះវិហា ឆ្នាំ២០០៨ កងទ័ពថៃបានចិញ្ចឹមចិត្តបន្តឈ្លានពានតាមបណ្ដោយបន្ទាត់ព្រំដែនកម្ពុជា ថៃ ឥតឈប់ឈរ បង្កការរំខាន អសន្តិសុខគ្រប់ពេល។
កាលនោះក្នុងឋានៈជាមេបញ្ញាការ ប្រតិបត្តិសឹកខេត្តកោះកុង លោកឧត្តមសេនីយ៍ត្រី យន្ត មីន បានខិតខំប្រើប្រាស់ គ្រប់មធ្យោបាយប្រមូលផ្ដុំយោធបករណ៍ សព្វាវុធទាំងចាស់ ទាំងថ្មីពីតាមបណ្ដារស្រុកចំណុះខេត្តកោះកុង ព្រមទាំងការប្រើប្រាស់កម្លាំងប្រមូលផ្ដុំ មានយោធា អវុធហត្ថ និងនគរបាលផងនោះ ដឹកនាំកម្លាំងការពារ ទប់ស្កាត់ ការជ្រាតចូល និងការលួចរំកិលបង្គោលព្រំដែនពីសំណាក់កងទ័ពថៃ រហូតទទួលបានជោគជ័យក្នុងនាមជាអ្នកការពារ។ លុះដល់ថ្ងៃ១៥ធ្នូឆ្នាំ២០១១វេលាម៉ោង១និង៤៥នាទីរសៀល កម្លាំងកងទ័ព ដែលដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ត្រី យន្ត មីន បានបាញ់យន្តហោះ(Elechoter)របស់ថៃ ដែលហោះចូលមក លើភ្នំនេះ។ ក្រោយមកក្រសួងការពារជាតិក៏បាន ប្រសិទ្ធមានភ្នំនេះថា ជា “ភ្នំតាមីន” រហូតមកដល់បច្ចុប្បន្ន ហើយតាមខ្សែបន្ទាត់ព្រមដែន ក្នុងខេត្តកោះកុង នៅរក្សាស្ថានភាពដើម មិនបាត់បង់សូម្បី ០១មីលីម៉ែត្រ និងមានការអភិវឌ្ឍ ជាបន្តបន្ទាប់ផងដែរ៕

