
ទិវាបរិស្ថានពិភពលោក ៥ មិថុនា ក្រោមប្រធានបទ «ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក» នាកោះជេជូ សាធារណរដ្ឋកូរ៉េ

ភ្នំពេញ៖លោកស្រី មាស ច័ន្ទធីតា អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន បានអញ្ជើញចូលរួមកិច្ចប្រជុំ High-Level Ministerial Roundtable នាកោះជេជូ ប្រទេសកូរ៉េ ក្នុងឱកាសទិវាបរិស្ថានពិភពលោក ៥ មិថុនា ២០២៥។
នៅក្នុងកិច្ចប្រជុំពិភាក្សាតុមូលនេះ មានការអញ្ជើញចូលរួមពី លោកអនុរដ្ឋមន្រ្តី ក្រសួងបរិស្ថានកូរ៉េ ជាប្រធានអង្គប្រជុំ និងមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រីរដ្ឋមន្ត្រី និងអនុរដ្ឋមន្ត្រីនៃបណ្តាប្រទេសចំនួន ១០ រួមមាន៖ ព្រះរាជាណាចក្រកម្ពុជា ប្រទេសជប៉ុន ប្រទេសប្រេស៊ីល ប្រទេសបង់ក្លាដេស ប្រទេសអាហ្សាបៃហ្សង់ សាធារណរដ្ឋប្រជាមានិតឡាវ ប្រទេសគ្រីគីស្ថាន ប្រទេសវៀតណាម ប្រទេសឥណ្ឌូណេស៊ី និងប្រទេសម៉ូសូមបៀ។
សម្រាប់កម្ពុជាបានបង្ហាញយ៉ាងមុតមាំអំពីជំហរ និងការចូលរួមយ៉ាងសកម្មក្នុងការប្រយទ្ធប្រឆាំងនឹងការបំពុលដោយប្លាស្ទិក ដោយចាត់ទុកបញ្ហាប្លាស្ទិកគឺជាបញ្ហាអាទិភាពមួយដែលត្រូវដោះស្រាយជាបន្ទាន់ ដើម្បីកាត់បន្ថយនូវចំនួនប្លាស្ទិក និងធ្វើការឆ្ពោះទៅរកសេដ្ឋកិច្ចចក្រា ដែលកាកសំណល់ប្លាស្ទិកត្រូវបានគ្រប់គ្រង ប្រើប្រាស់ឡើងវិញ និងកែច្នៃឡើងវិញ។
ជាមួយនឹងយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព ដែលទទួលបាននូវភាពជោគជ័យដ៏ល្អបំផុតក្នុងយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ!» និង«កម្ពុជាស្អាត ខ្មែរអាចធ្វើបាន»។
សូមជម្រាបជូនថានៅក្នុងទិវាបរិស្ថានពិភពលោក ៥ មិថុនា មានការចូលរួមពីគ្រប់វិស័យនៅទូទាំងពិភពលោក រួមមានស្ថានប័នរដ្ឋ និងស្ថាប័នឯកជន អង្គការជាតិ និងអន្តរជាតិ រួមនឹងបុគ្គលល្បីៗនៅក្នុងប្រទេសកូរ៉េ បានចូលរួមដើម្បីអបអរសារទទិវាបរិស្ថានពិភពលោកនាឱកាសនេះ។ ការបង្ហាញនូវផ្ទាំងទស្សនីយភាពអំពីបញ្ហាប្លាស្ទិក និងការធ្វើបទបង្ហាញអំពីបញ្ហាប្លាស្ទិកដែលកំពុងតែជួបប្រទះ បានបញ្ជាក់ពីគោលដៅរួមរបស់ពិភពលោក ដើម្បីរួមសហការណ៍គ្នារកដំណោះស្រាយក្នុងការប្រយុទ្ធប្រឆាំង និងឈានទៅបញ្ចប់ការបំពុលដោយប្លាស្ទិកនាពេលអនាគត៕

