Cambodia Trending Close

កម្ពុជា ចំណែកយ៉ាងសកម្ម និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់លើវិស័យសន្តិសុខ

ដោយ៖ គុជ ឥន្ទាវុធ ​​ | 14 ម៉ោងមុន ព័ត៌មានជាតិ សង្គម
កម្ពុជា ចំណែកយ៉ាងសកម្ម និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់លើវិស័យសន្តិសុខ កម្ពុជា ចំណែកយ៉ាងសកម្ម និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់លើវិស័យសន្តិសុខ

ភ្នំពេញ ៖ ពីវេទិកាអធិបតីពិធីបិទសិក្ខាសាលាបូកសរុប និងផ្សព្វផ្សាយលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅ ការងារ ឆ្នាំ២០២៥ របស់ក្រុមការងារ SOMTC-កម្ពុជា នារសៀលថ្ងៃព្រហស្បតិ៍ ទី៥ ខែមិថុនា ឆ្នាំ២០២៥ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធានSOMTC-កម្ពុជា បានមានប្រសាសន៍ថា ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រសួងមហាផ្ទៃ ផ្ទាល់បានចូលរួមចំណែកយ៉ាងសកម្ម និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការតំបន់លើវិស័យសន្តិសុខ ក្នុងគោលដៅរួមគ្នាកសាងសមាគមអាស៊ានប្រកបដោយភាពសុខដុម និងការអភិវឌ្ឍ។

នាយឧត្តមសេនីយ៍ បានរំលឹកថា កម្ពុជា គឺជាប្រទេសសមាជិកទី១០ របស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា អាស៊ាន ដែលគិតត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥នេះ មានរយៈពេល ២៦ឆ្នាំមកហើយ ដែលកម្ពុជាក្នុងនាមជាសមាជិកមួយតែងបានខិតខំប្រឹងប្រែង និងមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមពង្រឹងសន្តិសុខ ស្ថិរភាព និងកិច្ចសហប្រតិបត្តិការរវាងបណ្តារដ្ឋសមាជិកអាស៊ាន។
នាយឧត្តមសេនីយ៍ ក៏បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ SOMTC-កម្ពុជា ដែលបានចូលរួមសហការរហូតសម្រេចបានសមិទ្ធផលធំៗ ជាពិសេស ការអនុម័តលើ “សេចក្តីប្រកាសអាស៊ាន ស្តីពីការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ” ក្នុងនាមកម្ពុជា ជាប្រទេសដឹកនាំក្នុងវិស័យនៃការប្រយុទ្ធប្រឆាំងការរត់ពន្ធអាវុធ និងជោគជ័យក្នុងការរៀបចំធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំក្រុមការងារឧក្រិដ្ឋកម្មឆ្លងដែន ស្តីពីការរត់ពន្ធអាវុធ (SOMTC WG on AS) ប្រចាំឆ្នាំជាបន្តបន្ទាប់ បានចំនួន ៧លើកផងដែរ។ បន្ថែមលើសពីនេះ នាយឧត្តមសេនីយ៍ បានផ្តល់ជាអនុសាសន៍មួយចំនួនដល់ក្រុមការងារ SOMTC-កម្ពុជា ដើម្បីបន្តអនុវត្តភារកិច្ចឱ្យកាន់តែមានប្រសិទ្ធភាពដូចខាងក្រោម៖

១. បន្តសហការរួមគ្នាតាមដាន និងចាត់វិធានការសមស្រប តាមច្បាប់ និងនីតិវិធីជាធរមាន ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសឆ្លងដែននានាឱ្យបានទាន់ពេលវេលា

២. បន្តពង្រឹង និងពង្រីកការផ្សារភ្ជាប់ទំនាក់ទំនង និងកិច្ចសហការជាមួយដៃគូ ជាតិ អន្តរជាតិ និងអង្គការ/ស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងខិតខំពង្រីកបន្ថែមទៀតឱ្យកាន់តែទូលំទូលាយ

៣. ក្រុមការងារ SOMTC-កម្ពុជា ដែលទើបតែប្រកាសសមាសភាពថ្មី ត្រូវបន្តកិច្ចសហការកាន់តែជិតស្និទ្ធ ជាមួយបណ្តាអង្គភាពពាក់ព័ន្ធនៃផែនការងារអាទិ ភាពស្ថិតក្រោមក្របខណ្ឌ SOMTC-កម្ពុជា ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ ក្នុងតំបន់ និងអន្តរជាតិ ដើម្បីបុព្វហេតុរួមនៃសុខសន្តិភាព វិបុលភាព និងការអភិវឌ្ឍ

៤. ក្រុមការងារ SOMTC-កម្ពុជា និងប្រតិបត្តិករពាក់ព័ន្ធទាំងអស់ បន្តយកចិត្តទុកដាក់ លើបទល្មើសឧក្រិដ្ឋកម្មទាំង១០ ក្រោមក្របខណ្ឌ SOMTC ជាពិសេស បទល្មើសសំខាន់ៗ ចំនួន ០៤ ដែលបានធ្វើបទអន្តរាគមន៍ក្នុងសិក្ខាសាលាថ្ងៃនេះ រួមមាន បទល្មើសរត់ ពន្ធអាវុធ បទល្មើសជួញដូរមនុស្ស បទល្មើសបច្ចេកវិទ្យា និងបទល្មើសគ្រឿងញៀន៕

អត្ថបទទាក់ទង