Cambodia Trending Close

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបិទច្រកព្រំដែនជប់គគីរ នៅស្រុកបន្ទាយអំពិល និងច្រកទ្វារព្រំដែនជាំ ក្នុងស្រុកអន្លង់វែង

ដោយ៖ Kosal Sean ​​ | ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបិទច្រកព្រំដែនជប់គគីរ នៅស្រុកបន្ទាយអំពិល និងច្រកទ្វារព្រំដែនជាំ ក្នុងស្រុកអន្លង់វែង សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបិទច្រកព្រំដែនជប់គគីរ នៅស្រុកបន្ទាយអំពិល និងច្រកទ្វារព្រំដែនជាំ ក្នុងស្រុកអន្លង់វែង

ភ្នំពេញ៖ សម្តេចមហាបបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្រេចបិទច្រកព្រំដែនពីរ ក្នុងខេត្តឧត្តរមានជ័យ គឺច្រកទ្វារព្រំដែនជប់គគី-សាយតាគូ និងច្រកទ្វារព្រំដែន ជាំ-សាងាំ ។

តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេចធិបតី ហ៊ុន ម៉ាណែត នាព្រឹកថ្ងៃទិ២២ ខែមិថុនា ឆ្នាំ២០២៥​នេះ បានបញ្ជាក់ថា កាលពីយប់មិញនេះ (ថ្ងៃទី២១ មិថុនា) ឯកឧត្តម​អភិបាល​នៃ​គណៈ​​​អភិបាលខេត្តឧត្តរមានជ័យ បានរាយការណ៍ប្រាប់ខ្ញុំថា យោធភូមិភាគ២ នៃកង​ទ័ពថៃ​ទើប​បានចេញលិខិតជូនដំណឹងថាភាគីថៃនិងបិទច្រកសាយតាគូ-ជប់គគីរ ស្ថិត​នៅស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ចាប់ពីថ្ងៃនេះតទៅ។

ខ្ញុំបាន​ឯ​កភាពអោយ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្ត សម្រេចបិទច្រក​នេះខាង​កម្ពុជាជាអចិន្ត្រៃយ៍វិញដែរ។ បន្ថែមពីលើច្រកជប់គគីរនេះ ខ្ញុំបានបញ្ជា​ឲ្យឯកឧត្តម​អភិបាល​ខេត្ត បិទច្រកមួយបន្ថែមទៀតតែម្ដង គឺច្រកទ្វារព្រំដែនជាំ ស្ថិតក្នុងស្រុកអន្លង់វែង ខេត្ត​ឧត្តរ​មានជ័យ ចាប់ពីថ្ងៃនេះតទៅ ហើយអោយជូនដំណឹងទៅភាគីថៃវិញផងដែរ។

ចាប់ពីថ្ងៃទី ៧ មិថុនា ឆ្នាំ ២០២៥ កងទ័ពថៃបានប្រើប្រាស់វិធានការបិទច្រកព្រំដែន និងកែ​ប្រែពេល​វេលានៃការបិទ-បើកច្រកព្រំដែនរវាងប្រទេសទាំងពីរជាឯកតោភាគី ដោយមិន​បានគិតអំពីផលប៉ះពាល់ដល់ការធ្វើដំណើរឆ្លងកាត់របស់ប្រជាជននៃប្រទេសទាំងពីរឡើយ។

កម្ពុជាមិន​ដែលមានបំណងចង់បង្កការលំបាកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរដែលរស់នៅ ឬធ្វើដំណើរ​ឆ្លងកាត់ច្រកព្រំដែននោះទេ។ ប៉ុន្តែបើកង​ទ័ពថៃនៅបន្តប្រើវិធី​បែបនេះ​ដើម្បី​ដាក់គំ​នា​បមកលើកម្ពុជានោះ គឺកម្ពុជាកំដរបានគ្រប់ពេលវេលា។

វាជារឿងចម្លែក​មួយដែរដែលថ្នាក់ដឹកនាំនយោបាយថៃ រួមទាំងនាយករដ្ឋមន្ត្រីថៃ តែងតែ​ស្នើសុំ​ឲ្យ​មានការចរចាបើកច្រកព្រំដែនឲ្យមានភាពប្រក្រតីភាពឡើងវិញ។ ប៉ុន្តែពេល​ជាមួយ​គ្នា កងទ័ពរបស់ថៃនៅតែបន្តធ្វើការបិទបើកច្រក ឬកែសម្រួល​ម៉ោងបិទបើកច្រក​តាមចិត្ត​នឹក​ឃើញជាឯកតោភាគីទៅវិញ។

ខ្ញុំមិនដឹងថាជាវិធីសាស្ត្រ ឬជាយុទ្ធសាស្ត្រនៃការធ្វើការងាររវាងរាជរដ្ឋាភិបាលថៃនិងកងទ័ពថៃ ព្រោះហាក់ដូចជាគ្មានការឯកភាពផ្ទៃក្នុងនិងគោលការណ៍ណាមួយច្បាស់លាស់សោះ។ ម្នាក់​សុំច​រចារទ្វេភាគីដើម្បីបើកច្រកអោយប្រក្រតីឡើងវិញ រីឯម្នាក់​ទៀត​បន្តបិទបើក​ជាឯក​តោភាគី។

ចំពោះកម្ពុជា គឺយើងមានការឯកភាពពីថ្នាក់ដឹកនាំប្រទេសរហូតដល់កងទ័ពជួរមុខ។ បើនាយ​ករដ្ឋមន្ត្រី​ចេញបញ្ជាអ្វីមួយ គ្រប់ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ រួមទាំង​កងទ័ព​គឺអនុវត្តបទ​បញ្ជានោះដោយម៉ឺងម៉ាត់។

ចំពោះការបើក​ច្រកព្រំដែនរវាងកម្ពុជានិងថៃ ខ្ញុំសូមបញ្ជាក់ជាថ្មីម្ដងទៀតថា កម្ពុជានៅតែ​ប្រកាន់​​ជំហរដដែលគឺ មិនមានការចាំបាច់ក្នុងការ​ចរចារទ្វេភាគី​រឿងបើក​ច្រកព្រំដែន​រវាង​ប្រទេសទាំងពីរនោះទេ។

បើភាគីថៃពិត​ជាចង់បើកច្រកឱ្យដូចប្រក្រតីឡើងវិញនោះ គឺអាចធ្វើបាន​យ៉ាងងាយ​ស្រួល​និងលឿ​នបំផុត។ កងទ័ពថៃដែលជាអ្នកចាប់ផ្ដើមបិទច្រកជាឯកតភាគី ត្រូវធ្វើការ​បើក​ច្រកឡើ​ង​វិញ​ជាឯកតោភាគីឱ្យដូចស្ថានភាពមុនថ្ងៃទី៧ មិថុនាឆ្នាំ២០២៥ គឺជាការស្រេច។ កម្ពុជា​នឹង​បើក​ឡើងវិញដែរយ៉ាងយូរប្រាំម៉ោងក្រោយ។ នេះគឺជាដំណោះស្រាយយ៉ាងសាមញ្ញបំផុត ដោយ​មិនចាំបាច់ចំណាយពេលចរចារនាំតែខាតពេលវេលា។ ត្រូវការតែជំហរនៃការចង់បាន ដោយពិតប្រាកដមួយរបស់ភាគីថៃតែប៉ុណ្ណោះ៕

អត្ថបទទាក់ទង