Cambodia Trending Close

ជម្លោះព្រំដែនកម្ពុជា-ថៃ កត្តាធំបំផុតបង្កឡើងមកពីបញ្ហាផែនទី

ដោយ៖ គុជ ឥន្ទាវុធ ​​ | 7 ម៉ោងមុន ព័ត៌មានជាតិ
ជម្លោះព្រំដែនកម្ពុជា-ថៃ កត្តាធំបំផុតបង្កឡើងមកពីបញ្ហាផែនទី ជម្លោះព្រំដែនកម្ពុជា-ថៃ កត្តាធំបំផុតបង្កឡើងមកពីបញ្ហាផែនទី

ភ្នំពេញ៖ នៅក្នុងរឿងជម្លោះព្រំដែនកម្ពុជា-ថៃ កត្តាធំបំផុតដែលបង្កឡើងជាបញ្ហា គឺមកពីផែនទី។ តែក្រៅពីក្រុមអ្នកជំនាញព្រំដែនរបស់រាជរដ្ឋាភិបាល មានពលរដ្ឋខ្មែរតិចណាស់ដែលដឹងថាបញ្ហាផែនទីនោះវាបែបណា។
មកដល់សព្វថ្ងៃនេះ គឺខ្មែរ និងថៃប្រើផែនទីខុសគ្នា ហើយផែនទីនេះ ខុសគ្នាទាំងបច្ចេកទេសផលិត មាត្រដ្ឋាន អ្នកផលិត ការទទួលស្គាល់… ដែលជាមូលហេតុធំៗនាំអោយមានការបកស្រាយលើព្រំប្រទល់ខុសគ្នា ហើយនាំអោយមានក៏ច្បាំងគ្នារវាងខ្មែរ និងថៃដូចដែលបានកើតឡើង។ នៅម្ខាង គឺផែនទីរបស់ខ្មែរ ដែលប្រើបច្ចេកទេសចាស់ (ព្រោះនៅសម័យនោះបច្ចេកទេសផែនទីរបស់ពិភពលោកកំពុងវិវត្តនៅឡើយ) ដោយប្រើប្រព័ន្ធបង្ហាញផែនដីតាមបច្ចេកទេសស៊ីនុយសូអ៊ីត (Sinusoidal Projection)។ ផែនទីដែលខ្មែរប្រើ គឺមានមាត្រដ្ឋាន ១/២០០០០០ ដែលមានន័យថា ប្រវែង ១សង់ទីម៉ែត្រនៅលើផែនទី គឺស្មើនឹង ២០ម៉ឺនសង់ទីម៉ែត្រនៅលើផ្ទៃដី ឬស្មើនឹង ២គីឡូម៉ែត្រ។ ដោយសារផែនទីនេះប្រើបច្ចេកទេសចាស់ វាពុំសូវមានសេចក្ដីលម្អិតនៅលើផ្ទៃដីនោះទេ។ ផែនទីដែលខ្មែរប្រើ គឺជាផែនទីដែលបន្សល់ទុកដោយបារាំង ហើយជាផែនទីដែលអមសន្ធិសញ្ញាបារាំង-សៀមឆ្នាំ១៩០៧ ដែលពេលនោះ សៀមបានប្រគល់ទឹកដីបាត់ដំបង និងសៀមរាបមកអោយខ្មែរវិញ។ ផែនទីនេះគ្រោងនឹងផលិតឡើងដោយគណៈកម្មការចម្រុះ (Mixed Commission) បារាំង-សៀម តែដោយសារសៀមខ្វះអ្នកបច្ចេកទេស សៀមក៏ពុំបានបញ្ជូនមន្ត្រីមក ហើយខាងបារាំងដែលកំពុងគ្រប់គ្រងខ្មែរនោះ ក៏បានគូសផែនទីចំនួន ១១ផ្ទាំងសម្រាប់ព្រំដែនខ្មែរ-ថៃ ហើយពេលបារាំងផលិតរួច បារាំងក៏ប្រគល់ផែនទីទាំងនេះចំនួន ៥០ច្បាប់ទៅអោយសៀមនៅឆ្នាំ១៩០៨។ ពេលនោះ ព្រះអង្គម្ចាស់ដាំរុងរ៉ាឆានុផាប (ดำรงราชานุภาพ / Damrong Rajanubhab) ជាប្អូនប្រុសរបស់ស្ដេចសៀមព្រះចៅជូឡាឡុងកន (จุฬาลงกรณ์ / Chulalongkorn) និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃរបស់សៀមនោះ ក៏បានអរគុណបារាំង រួចសុំផែនទីទាំងនេះពីបារាំងចំនួន ១៥ច្បាប់ថែមទៀតដើម្បីយកចែកផ្សព្វផ្សាយទៅកាន់ចៅហ្វាយខេត្តខ្លួននៅជាប់ព្រំដែនជាមួួយខ្មែរ។ នៅក្នុងក្ដីក្ដាំប្រាសាទព្រះវិហាររវាងខ្មែរ និងថៃនៅឆ្នាំ១៩៦២ តុលាការយុត្តិធម៌អន្តរជាតិ (ICJ) នៅទីក្រុងឡាអេ បានបោះឆ្នោតក្នុងសម្លេងចៅក្រម ៩ ទល់នឹង ៣ ដោយទទួលស្គាល់ផែនទីដែលខ្មែរប្រើនេះទុកជាបានការ។


ចំណែកផែនទីដែលថៃប្រើវិញ គឺជាផែនទីដែលផលិតក្រោយសម័យសង្គ្រាមលោកលើកទី២។ ពេលនោះ ដោយសារតែតម្រូវការក្នុងសង្គ្រាមវៀតណាម អាមេរិកក៏មកស្និទ្ធនឹងថៃ ហើយថៃក៏ផលិតបានផែនទីនេះដោយមានជំនួយបច្ចេកទេសពីអាមេរិក។ ផែនទីរបស់ថៃប្រើបច្ចេកទេសបង្ហាញផែនដីតាមប្រព័ន្ធមេកាទ័រ (Mercator Projection)។ ដោយសារបច្ចេកទេសនេះប្រើបច្ចេកវិទ្យាផែនទីជំនាន់ក្រោយ ដូច្នេះផែនទីនេះមានសេចក្ដីលម្អិតលើផ្ទៃដីច្រើនជាងផែនទីខ្មែរ។ ផែនទីរបស់ថៃប្រើមាត្រដ្ឋាន ១/៥០០០០ ដែលមានន័យថា ១សង់ទីម៉ែត្រនៅលើផែនទី គឺស្មើនឹង ៥០០០០សង់ទីម៉ែត្រនៅលើផ្ទៃដី ឬស្មើនឹង ៥០០ម៉ែត្រ។
ដោយសារខ្មែរ និងថៃប្រើផែនទីខុសគ្នានេះ វាបណ្ដាលអោយខ្មែរ និងថៃដែលនៅលើដីជាក់ស្ដែងបកស្រាយខុសគ្នាលើទីតាំងទល់ដែន។ (កាសែត The Nation របស់ថៃមានទំនោរពន្យល់ថា ដោយសារតែបច្ចេកទេសផលិតផែនទីទើបបណ្ដាលអោយអ្នកនៅលើដីប្រកាន់ទីតាំងខុស។ តែតាមបទពិសោធរបស់ខ្ញុំខ្លះៗក្នុងការផលិតផែនទី គឺទាល់តែអ្នកនៅលើដីជាក់ស្ដែងយកម៉ាស៊ីនទៅចុចយកកូអរដោណេនៅលើដីទើបអាចផលិតចេញជាផែនទីតាមក្រោយ។ ដូច្នេះ ការផលិតផែនទីរបស់ថៃ បើខុស គឺត្រូវបន្ទោសមន្ត្រីថៃដែលចុះមកយកកូអរដោណេរបស់ផែនទីនោះហើយ)។ ក្រោយពេលគេយកផែនទីខ្មែរប្រើ និងផែនទីថៃប្រើមកផ្ទឹមលើគ្នា ចំណុចទល់ដែនខ្មែរ និងថៃមានកន្លែងខ្លះខុសគ្នារាប់រយម៉ែត្រ ហើយចំណុចខ្លះខុសគ្នារាប់គីឡូម៉ែត្រ។ ដោយសារមានអនុស្សារណៈយោគយល់គ្នានៅឆ្នាំ២០០០ (MoU 2000 ឬខាងថៃហៅថា MoU 43) ខ្មែរ និងថៃចាប់ផ្ដើមចរចាគ្នារឿងព្រំដែន។ នៅក្នុងចំណោមព្រំដែនខ្មែរ និងថៃចំនួនជិត ៨០០ គីឡូម៉ែត ហើយក្នុងចំណោមតំបន់គងលើគ្នាទាំងអស់ ភាគីទាំង ២ បានព្រមព្រៀងគ្នាថានឹងបោះបង្គោលព្រំដែនចំនួន ១៣តំបន់ រីឯតំបន់គងគ្នាចំនួន ១១តំបន់ទៀត គឺភាគីទាំង ២ កំណត់ថាជាតំបន់កែប្រែមិនបាន ឬតំបន់ឆ្លងកាត់មិនបាន។
នេះមានន័យថា កន្លងមកនេះ ខ្មែរ និងថៃដោះស្រាយបញ្ហាព្រំដែនដោយការយោគយល់គ្នា។ តែបើសិនជាស្ថានការណ៍តានតឹង ហើយគិតរឿងផ្លូវច្បាប់អន្តរជាតិ ប្រាកដណាស់ គឺខ្មែរនឹងត្រឹមត្រូវ ហើយឈ្នះ ១០០%។ ដូចក្នុងករណីជម្លោះប្រាសាទព្រះវិហារកាលពីឆ្នាំ១៩៦២ ថៃខំប្រកាន់ជំហរថា ផែនទីរបស់ខ្មែរ គឺបារាំងជាអ្នកធ្វើម្នាក់ឯង ហើយថៃពុំដឹងទេ។ តែកាលនោះតុលាការបោះឆ្នោតដោយសម្លេង ៩ ទល់នឹង ៣ ដោយទទួលស្គាល់ផែនទីនោះទុកជាបានការ ហើយអោយខ្មែរឈ្នះ។ មានន័យថា ទោះមានករណីបន្តទៀត ក៏តុលាការមិនអាចលែងទទួលស្គាល់ផែនទីនោះវិញបានទេ។ ដូច្នេះ បើផែនទីខ្មែរចង្អុលថាទល់ដែននៅត្រង់ណា វាប្រាកដជានៅត្រង់នោះហើយ។


នេះហើយ គឺជាមូលហេតុដែលថៃមិនទៅតុលាការអន្តរជាតិជាមួយខ្មែរទេ។ ដូចបញ្ញវន្តអន្តរជាតិខ្លះបានពន្យល់មកហើយថា តុលាការយុត្តិធម៌អន្តរជាតិ និងរឿងក្ដីប្រាសាទព្រះវិហារ វាគឺជានិមិត្តរូបនៃភាពឈឺផ្សា និងក្ដីអាម៉ាស់របស់ថៃ។ បើគិតតាមដំណើរ នរណាក៏អាចយល់អារម្មណ៍នេះបានដែរ។ ដើម្បីវាយបារាំងយកដីខ្មែរត្រង់ខេត្តបាត់ដំបង និងសៀមរាបនៅឆ្នាំ១៩៤១ លោកភីប៊ុនសុងក្រាមលើកតម្កើងអារម្មណ៍ជាតិនិយម។ ពេលវាយឈ្នះបានទឹកដី ថៃក៏ធ្វើវិមានជ័យជំនះមួយនៅកណ្ដាលក្រុងបាងកក។ តែក្រោយសង្គ្រាមលោកលើកទី២ ជប៉ុនជាខ្នងបង្អែករបស់ថៃបានចុះចាញ់សង្គ្រាម បារាំងក៏បានសង្កត់ថៃយកទឹកដីបាត់ដំបង និងសៀមរាបរបស់ខ្មែរមកវិញ។ វិមានជ័យជំនះរបស់ថៃក៏លែងមានន័យ។ ហើយជាលទ្ធផល ថៃក៏ត្រូវឈឺផ្សា និងអាម៉ាស់។ ក្រោយបារាំងចាកចេញ ថៃគិតថាខ្មែរខ្សោយអត់ខ្នងបង្អែកក៏លើកទ័ពមកកាន់កាប់ប្រាសាទព្រះវិហារភ្លាមៗ ដែលប្រាសាទនេះជាប្រភពនៃមោទនភាពនៃអារម្មណ៍ពួកជាតិនិយមថៃ។ តែមកដល់ឆ្នាំ១៩៦២ តុលាការក៏កាត់ក្ដីអោយខ្មែរឈ្នះ និងប្រគល់ប្រាសាទនេះមកអោយខ្មែរវិញ។ ពេលនោះ ថៃក៏ត្រូវឈឺផ្សា និងអាម៉ាស់ជាលើកទី២។ មកដល់រវាងឆ្នាំ២០០៨-២០១១ ពួកជាតិនិយមថៃក៏រុញអោយមានជម្លោះប្រាសាទព្រះវិហារម្ដងទៀត។ មកដល់ឆ្នាំ២០១៣ តុលាការក៏បានកាត់ក្ដីអោយខ្មែរឈ្នះដោយបានប្រគល់តំបន់បន្ថែមមកអោយខ្មែរទៀត។ អារម្មណ៍ជាតិនិយមរបស់ថៃក៏ត្រូវឈឺផ្សា និងអាម៉ាស់ជាលើកទី៣។ ដូច្នេះ រឿងប្រាសាទព្រះវិហារ និងតុលាការយុត្តិធម៌អន្តរជាតិនេះ គឺជានិមិត្តរូបនៃភាពឈឺផ្សារបស់ថៃ។ អោយតែលឺកាលណា ថៃឈឺផ្សាកាលហ្នឹង។

ប្រភព៖ អាស៊ីអាគ្នេយ៍

អត្ថបទទាក់ទង