
គណៈកម្មការជាតិប្រឆាំងអំពើពុករលួយថៃចាប់ផ្ដើមស៊ើបអង្កេតលើកិច្ចសន្ទនារវាងនាយករដ្ឋមន្ត្រីផែថងថាន និងសម្ដេចតេជោ ហ៊ុន សែន

បាងកក៖ គណៈកម្មការជាតិប្រឆាំងអំពើពុករលួយរបស់ថៃ (NACC) នៅថ្ងៃច័ន្ទទី ២៣ខែ មិថុនានេះ បានឯកភាពជាឯកច្ឆន្ទក្នុងការចាប់ផ្ដើមការស៊ើបអង្កេតបឋមបើកការស៊ើបអង្កេតលើការបែកធ្លាយខ្សែសំឡេងសន្ទនាតាមទូរស័ព្ទ រវាងនាយករដ្ឋមន្ត្រីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ (Paetongtarn Shinawatra) និងប្រធានព្រឹទ្ធសភាកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
តាមរបាយការណ៍របស់កាសែត The Nation បានឱ្យដឹងថា ការស៊ើបអង្កេតនេះមានគោលបំណងពិនិត្យទៅលើមាតិកាខ្លះៗនៅក្នុងកិច្ចសន្ទនាដែលអាចរំលោភបំពានលើស្ដង់ដារក្រមសីលធម៌របស់មន្រ្តីថ្នាក់ដឹកនាំជាសាធារណៈ។ ជាពិសេសចំណុចពាក់ព័ន្ធនឹងស្ថានការណ៍តានតឹងនៅតាមបណ្ដោយព្រំដែនរវាងកម្ពុជា និងថៃ ដែលត្រូវបាននិយាយក្នុងសន្ទនានោះ។
NACC បានកំណត់រយៈពេល ១០ ថ្ងៃ ដើម្បីបញ្ចប់ការស៊ើបអង្កេតបឋម។ នីតិវិធីស៊ើបអង្កេតនឹងរួមមាន ការបំប្លែកខ្សែសំឡេងទៅជាលាយលក្ខណ៍អក្សរ ការបកប្រែសំឡេងសន្ទនាពីភាសាខ្មែរទៅថៃ ការសួរចម្លើយពីអាជ្ញាធរពាក់ព័ន្ធនិង ការពិនិត្យច្បាប់ និងបទបញ្ជាដែលអាចអនុវត្ត ។
ជាមួយគ្នានេះ NACC ក៏កំពុងត្រួតពិនិត្យថា តុលាការធម្មនុញ្ញនឹងទទួល ឬមិនទទួលញត្តិរបស់សមាជិកព្រឹទ្ធសភាខ្លះៗ ដែលទាមទារឱ្យដកនាយករដ្ឋមន្ត្រីផែថងថានចេញពីតំណែង។ ប្រសិនបើមានភស្តុតាងគ្រប់គ្រាន់ ករណីនឹងត្រូវបញ្ជូនទៅកាន់គណៈគ្រប់គ្រងរបស់ NACC ដើម្បីបន្តស៊ើបអង្កេតជាផ្លូវការ។ ខណៈដែល ការស៊ើបអង្កេតពេញលេញអាចនឹងត្រូវចាប់ផ្ដើម ប្រសិនបើមានតម្រូវការ៕
ប្រភព៖ The Nation
