Cambodia Trending Close

នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសផ្អាកទាំងស្រុង ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទ ពីប្រទេសថៃ ចាប់ពីម៉ោង១២យប់ ថ្ងៃ២២ មិថុនា នេះ

ដោយ៖ Kosal Sean ​​ | ថ្ងៃអាទិត្យ ទី២២ ខែមិថុនា ឆ្នាំ២០២៥ ព័ត៌មានជាតិ
នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសផ្អាកទាំងស្រុង ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទ ពីប្រទេសថៃ ចាប់ពីម៉ោង១២យប់ ថ្ងៃ២២ មិថុនា នេះ នាយករដ្ឋមន្រ្តីកម្ពុជា ប្រកាសផ្អាកទាំងស្រុង ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទ ពីប្រទេសថៃ ចាប់ពីម៉ោង១២យប់ ថ្ងៃ២២ មិថុនា នេះ

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសផ្អាកទាំងស្រុង ការនាំចូលប្រេងឥន្ធនៈ និងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ចាប់ពីម៉ោង១២យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៥នេះ។

សម្តេចធិបតី ហ៊ុន ម៉ាណែត តាមរយៈបណ្តាញសង្គមផ្លូវការរបស់​សម្តេច នាល្ងាចថ្ងៃទី២២ មិថុនានេះ បានបញ្ជាក់យ៉ាងដូច្នេះថា ចាប់ពីម៉ោង ១២យប់នេះទៅ ការនាំចូលប្រេងឥន្ធនៈនិងឧស្ម័នគ្រប់ប្រភេទពីប្រទេសថៃ ត្រូវផ្អាកទាំងស្រុង។

សម្តេចបានបញ្ជាក់បន្ថែមទៀតថា បណ្ដាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា មាន​លទ្ធ​ភាពនាំចូលប្រេងឥន្ធនៈនិងឧស្ម័នពីប្រភពផ្សេង គ្រប់គ្រាន់ ដើម្បីផ្គត់ផ្គង់​តម្រូវការ​ប្រើ​ប្រាស់​ក្នុងស្រុករបស់ប្រជាពលរដ្ឋយើង កុំថាឡើយត្រឹមមួយខែ ទោះជារៀងរហូតក៏មិនជាបញ្ហា។

គួររំលឹកដែរថា កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ បក្សប្រឆាំងថៃមួយ បានជូនយោបល់ទៅរាជរដ្ឋាភិបាលរបស់ខ្លួនឲ្យឈប់លក់ប្រេង ឲ្យកម្ពុជាដោយការជឿជាក់ថា ការធ្វើបែបនេះ និងធ្វើឲ្យកម្ពុជាចុះចាញ់ ភ្លាមនោះដែរ សម្តេចអគ្គមហាសេនាធិបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានឆ្លើយតបទៅវិញថា កម្ពុជាមិន​ស្លាប់​ដោយ​សារ​មិន​នាំប្រេង​ពីថៃមកនោះទេ ប៉ុន្តែផ្ទុយទៅវិញអ្នកដែលស្លាប់នោះគឺក្រុមហ៊ុន PTT របស់ថៃ​ទៅវិញទេ ។ សម្តេចបានចោទជាសំណួរទៅវិញថា តើអ្នកចង់ឲ្យក្រុមហ៊ុនថៃ PTT ស្លាប់មែនទេ? បើចង់ សូមឲ្យអ្នកធ្វើតាមបំណងចុះ។

លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងក្រសួងពាណិជ្ជកម្មកម្ពុជា ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុក ក៏បានលើកឡើងអំពីព្រួយបារម្ភរបស់ប្រជាពលរដ្ឋចំពោះការបិទនាំចូលប្រេងពីថៃមកកម្ពុជា ដោយលោកបានបញ្ជាក់ថា ប្រេង និងហ្គាសដែលនាំចូលពីប្រទេសថៃភាគច្រើន ជារបស់ក្រុមហ៊ុន PTT ក្នុងនោះក្រៅអំពីថៃ កម្ពុជាក៏បាននាំចូលពីប្រទេសផ្សេងៗជាច្រើនដែរ ដូចជាប្រទេសឹង្ហបុរី និងវៀតណាមជាដើម។ ដូច្នេះប្រភពនៃការនាំចូលប្រេង និងហ្គាសនេះ មានប្រភពជំនួស ប្រសិនបើថៃបិទលែងឲ្យនាំចូល ដូច្នេះបើមិនអាចនាំចូលពីប្រទេសថៃ ក្នុងរយៈពេលវែងយើងនឹងបង្កើនការនាំចូលពីប្រទេសផ្សេងៗទៀត។

លោក ប៉ែន សុវិជាតិ បានបង្ហាញអំពីសុទិដ្ឋិនិយម អំពីស្ថានភាពនៃការនាំចូលប្រេង និងលទ្ធភាពនៃការផ្គត់ផ្គង់ផ្ទៃ ក្នុងការប្រើប្រាស់របស់កម្ពុជា និងលទ្ធភាព​នៃការនាំ​ចូលពីប្រភពដទៃជំនួសឲ្យថៃ ៕

អត្ថបទទាក់ទង