Cambodia Trending Close

អភិបាលខេត្តកណ្តល ឲ្យរួមគ្នាបង្ក្រាបបទល្មើសឆបោកនិងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន

ដោយ៖ គុជ ឥន្ទាវុធ ​​ | ថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥ សង្គម
អភិបាលខេត្តកណ្តល ឲ្យរួមគ្នាបង្ក្រាបបទល្មើសឆបោកនិងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន អភិបាលខេត្តកណ្តល ឲ្យរួមគ្នាបង្ក្រាបបទល្មើសឆបោកនិងល្បែងស៊ីសងអនឡាញគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋាន

ខេត្តកណ្តាល៖ លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានណែនាំដល់កងកម្លាំងមានសមត្ថកិច្ច អាជ្ញាធរក្រុង-ស្រុកទាំង១៣ និងគណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវប្ដេជ្ញារួមគ្នាដើម្បីបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងល្បែងស៊ីសងខុសច្បាប់តាមអនឡាញគ្រប់ប្រភេទឱ្យអស់ពីមូលដ្ឋានខេត្តកណ្ដាល ហើយត្រូវមានវិធានការទប់ស្កាត់មិនឱ្យត្រឡប់មកវិញបានទៀត ពីព្រោះកិច្ចការនេះគឺជាកិច្ចការអាទិភាព ជាការងារដ៏ចម្បងបំផុត សម្រាប់អាជ្ញាធរក៏ដូចជាកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ដែលទាមទារឱ្យយើងទាំងអស់គ្នាត្រូវបង្កើនការយកចិត្តទុកដាក់ និងទទួលខុសត្រូវខ្ពស់ក្នុងដោះស្រាយបញ្ហានេះប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក គួច ចំរើន បានធ្វើការណែនាំដូច្នេះនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាល នារសៀលថ្ងៃអង្គារ ទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅសាលាខេត្តកណ្ដាល ដោយមានការចូលរួមពីអាជ្ញាធរក្រុង-ស្រុកទាំង១៣ និងកងកម្លាំងមានសមត្ថកិច្ចជាច្រើនរូបទៀត។

លោកអភិបាលខេត្ត បានធ្វើការក្រើនរំលឹក ដល់គណៈបញ្ជាការឯកភាពក្រុង-ស្រុក ខេត្ត ត្រូវបង្កើនកិច្ចសហការគ្នា ដើម្បីដោះស្រាយបញ្ហាខាងលើនេះឱ្យទទួលបានជោគជ័យ ស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលស្ដីពីការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងសេចក្ដីណែនាំនានាដែលរាជរដ្ឋាភិបាល បានដាក់ចុះឱ្យអនុវត្តផងដែរ។
បន្ទាប់ពីកិច្ចប្រជុំនេះហើយ គណៈបញ្ជាការឯកភាពគ្រប់ថ្នាក់ ត្រូវស្រុះដៃគ្នាក្នុងការចុះអនុវត្តឱ្យស្របទៅតាមបទបញ្ជាលេខ០១ របស់រាជរដ្ឋាភិបាលស្ដីពី និងសេចក្ដីណែនាំនានាជាបន្ទាន់ ត្រូវធ្វើការតាមដានត្រួតពិនិត្យជាប្រចាំទៅលើទីតាំងដែលសង្ស័យ ត្រូវមានរបាយការណ៍ ករណីចាំបាច់ត្រូវសុំគោលការណ៍ពីថ្នាក់លើដើម្បីមានវិធានការទាន់ឱ្យសភាពការណ៍។ អាជ្ញាធរ និងកម្លាំងមានសមត្ថកិច្ច ត្រូវមានកិច្ចសហការល្អជាមួយប្រជាពលរដ្ឋផងដែរ ក្នុងការរាយការណ៍ និងផ្តល់តម្រុយមកសមត្ថកិច្ចអំពីករណីដែលមានការសង្ស័យ ដើម្បីឱ្យសមត្ថកិច្ចចាត់វិធានការបង្ក្រាបបានទាន់ពេលវេលា៕

អត្ថបទទាក់ទង