
បង្រ្កាបករណីលួចម៉ូតូនៅប៉ោយប៉ែត ឃាត់បានជនសង្ស័យ ៣នាក់ រួមមានជនជាតិថៃ ១នាក់
បន្ទាយមានជ័យ ៖ កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនសង្ស័យចំនួន ៣នាក់ ក្នុងករណីលួចម៉ូតូដែលបង្កឡើងនៅវេលាម៉ោង ០៨:៣០ នាទី ព្រឹកថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ ២០២៥ នៅចំណុចផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។លុះដល់រសៀលថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ២០២៥នេះ កងរាជអាវុធហត្ថខេត្តបានបញ្ជូនទៅសាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី។
គួរបញ្ជាក់ថា ជនរងគ្រោះឈ្មោះ មុត សេងគី ភេទស្រី អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ បានបញ្ជាក់ថា ម៉ូតូម៉ាក Zoomer-X ពណ៌សលាយទឹកក្រូច ផលិតឆ្នាំ ២០១៧ ផ្លាកលេខ បន្ទាយមានជ័យ 1K-9719 របស់ខ្លួន ត្រូវបានលួចយកទៅ។
បន្ទាប់ពីទទួលបានពាក្យបណ្ដឹង កម្លាំងជំនាញបានចុះទៅកន្លែងកើតហេតុ និងស្រាវជ្រាវរហូតដល់ម៉ោង ១៦:៣០ នាទី ថ្ងៃដដែល បានធ្វើការឃាត់ខ្លួនជនសង្ស័យ ៣នាក់នៅជិតកាស៊ីណូ Gold World ក្នុងភូមិក្បាលស្ពាន១ គឺ៖
១. ផាវីត អាតអៀម (ខេត) ភេទប្រុស អាយុ ៤៣ ឆ្នាំ ជនជាតិថៃ
២. លេង ភារ៉ាត់ ភេទប្រុស អាយុ ២៣ ឆ្នាំ ជនជាតិខ្មែរ
៣. យៀង សុវណ្ណៈ ភេទប្រុស អាយុ ២៧ ឆ្នាំ ជនជាតិខ្មែរ
កម្លាំងជំនាញបានដកហូតវត្ថុតាង និងនាំពួកគេចូលមូលដ្ឋានសួរនាំតាមនីតិវិធី។ ជនសង្ស័យទាំង៣បានសារភាពថាពួកគេពិតជាបានលួចយកម៉ូតូរបស់ជនរងគ្រោះ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ក្រោយពីកសាងសំណុំរឿងរួចបានបញ្ជូនទៅកងរាជអាវុធហត្ថខេត្ត ដើម្បីបន្តនីតិវិធីច្បាប់។ ការបង្ក្រាបនេះអនុវត្តដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការខេត្ត និងមានសម្របសម្រួលពីឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។
ជនសង្ស័យត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីអនុវត្តនីតិវិធីតាមផ្លូវច្បាប់ ខណៈវត្ថុតាងត្រូវបានប្រគល់ជូនជនរងគ្រោះវិញ៕
