
CDC ព្រមានអំពីគណនីតេឡេក្រាមក្លែងបន្លំឈ្មោះ ឯកឧត្តម ស៊ុន ចាន់ថុល ឆបោកឱ្យប្រជាពលរដ្ឋវិនិយោគ
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានចេញសេចក្ដីប្រកាសនៅថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៥ ដោយអំពាវនាវឱ្យបញ្ឈប់ភ្លាមៗនូវសកម្មភាព ក្លែងបន្លំឈ្មោះឯកឧត្តម ស៊ុន ចាន់ថុល ដើម្បីបន្លំលួងលោមលុយប្រជាពលរដ្ឋឱ្យវិនិយោគបែបឆបោក។
CDC បានបញ្ជាក់ថា មានជនខិលខូចបានបង្កើតគណនីតេឡេក្រាមមួយក្នុងឈ្មោះ CEO CHANTHOL SUN (username: @ceo_Chantholsun) ហើយភ្ជាប់ជាមួយគេហទំព័រ Ocic-investment.com ដែលជាគេហទំព័រផ្ទាល់ខ្លួនរបស់ជនឆបោក។
CDC ព្រមាន និងអំពាវនាវឱ្យជនខិលខូចនោះ បញ្ឈប់សកម្មភាពឆបោកនេះភ្លាមៗនិង ឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការតាមផ្លូវច្បាប់យ៉ាងតឹងរឹង។
CDC ក៏បានសូមឱ្យបងប្អូនប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ ប្រសិនបើមានការសង្ស័យ ឬជួបប្រទះសកម្មភាពសង្ស័យណាមួយ សូមជូនដំណឹងទៅអាជ្ញាធរអោយបានទាន់ពេលវេលា៕
