
រដ្ឋមន្ត្រីក្រសួងបរិស្ថានជំរុញឱ្យនិស្សិតដែលសិក្សានៅក្រៅប្រទេសខិតខំរៀនសូត្រ និងរៀបចំខ្លួនដើម្បីកម្ពុជា

ភ្នំពេញ៖ «ក្រោមម្លប់នៃសុខសន្តិភាព បានផ្តល់ឱកាសឱ្យនិស្សិតកម្ពុជា រៀន និងបង្រៀនកាន់តែទទួលបានប្រសិទ្ធភាព និង និម្មាបនភាព» នេះជាការលើកឡើងរបស់ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងឱកាសទទួលជួបក្រុមនិស្សិតជ័យលាភីអាហារូបករណ៍ចំនួន៥៥នាក់ នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃចន្ទ័ ទី១៥ ខែកក្កដា ឆ្នាំ២០២៥។
លោករដ្ឋមន្ត្រី បានបន្តថា ការសិក្សាគឺជាការស្វែងរកទុនសម្រាប់ជីវិត ហើយបច្ចុប្បន្ននេះ ការសិក្សាប្រកបដោយគុណភាពគឺជារឿងចាំបាច់ ក្នុងយុគសម័យការប្រកួតប្រជែងសមត្ថភាព និងទីផ្សារសេរី។
នៅក្នុងឱកាសនោះ លោក អ៊ាង សុផល្លែត ក៏បានចែករំលែកនូវប្រវត្តិតស៊ូក្នុងការចិញ្ចឹមជីវិត និងការសិក្សារៀនសូត្រផ្តើមចេញពីក្មេងកំព្រា ក្រោយសម័យប៉ុល ពត រហូតបានទៅបន្តការសិក្សារៀនសូត្រនៅប្រទេសកាណាដា។
ជាងនោះទៅទៀតលោករដ្ឋមន្ត្រី បានចែករំលែកបទពិសោធន៍ជីវិត ដល់ប្អូនៗនិស្សិតគួរពិចារណា ទូ១-ខិតខំរៀនសូត្រ ធ្វើជាទុន, ទី២-ការងារសមស្របនឹងសមត្ថភាព និងទេពកោសល្យ, ទី៣-សុភមង្គលគ្រួសារ, ទី៤-កិត្តិយស កេរ្តិ៍ឈ្មោះក្នុងសង្គម និងទី៥-បន្សល់ទុកមរតកសម្រាប់ជំនាន់ក្រោយ។
ជាអនុសាសន៍លោករដ្ឋមន្រ្តី បានណែនាំដល់និស្សិតជ័យលាភីទាំងអស់ត្រៀមលក្ខណៈឱ្យបានល្អ ត្រូវផ្តោតការយកចិត្តទុកដាក់រៀនសូត្រឱ្យពូកែ និងធ្វើការស្រាវជ្រាវនឹងការអនុវត្តជាក់ស្ដែង ជាពិសេសការប្រកាន់ខ្ជាប់នូវសច្ចធម៌ ឆ្លាតវៃ ឯករាជ្យម្ចាស់ការ ទទួលខុសត្រូវ រក្សានិរន្តភាព និងអាកប្បកិរិយាទន់ភ្លន់ជាមួយមិត្តរួមថ្នាក់ សាស្រ្តាចារ្យ និងអ្នកផងទាំងពួង ដើម្បីទទួលបានភាពជោគជ័យក្នុងការសិក្សាផង និងជាអត្តសញ្ញាណកូនខែ្មរ- តំណាងកម្ពុជា លើឆាកអន្តរជាតិផង៕
