
ប្រធាន ស.ស.យ.ក កោតសរសើរ ចំពោះការលះបង់របស់សមាជិករយមចំណែករៀបចំព្រឹត្តិការណ៍សង្ក្រាន្ត
ភ្នំពេញ៖ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) លោក ហ៊ុន ម៉ានី ក្រោយបញ្ចប់ព្រឹត្តិការណ៍សង្ក្រាន្ត បានថ្លែងអំណរគុណ និងកោតសរសើរចំពោះសមាជិកទាំងអស់ដែលបានលះបង់ ចូលរួមក្នុងការរៀបចំសង្ក្រាន្តទូទាំងប្រទេស។
តាមរយៈបណ្តាញសង្គមនាល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥នេះ លោក ហ៊ុន ម៉ានី បានបង្ហោះខ្លឹមសារាំងស្រុង ថា ជាមួយនឹងជោគជ័យនៃការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តនៅលើទឹកដីអង្គរដ៏ពិសិដ្ឋ យើងក៏សង្កេតឃើញថា នៅទូទាំងប្រទេស មានការរៀបចំសង្រ្កាន្ដតាមរាជធានី-ខេត្ត យ៉ាងផុសផុល ក្នុងនោះស.ស.យ.ក. ទូទាំងប្រទេស បាន និងកំពុងដើរតួនាទីយ៉ាងសកម្ម ក្នុងនាមជាអ្នកស្ម័គ្រចិត្តក្នុងការសម្របសម្រួល និងរៀបចំព្រឹត្តិការណ៍សង្ក្រាន្តទាំងនោះ ជាមួយអាជ្ញាធរមូលដ្ឋាន។
ជំនួសមុខឱ្យគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងថ្នាក់ដឹកនាំស.ស.យ.ក. ទូទាំងប្រទេស ខ្ញុំសូមកោតសរសើរ និងវាយតម្លៃចំពោះទឹកចិត្ត ការលះបង់និងចូលរួមរបស់សមាជិក សមាជិកា ស.ស.យ.ក. គ្រប់រូប ដែលបានចូលរួមចំណែករៀបចំសង្រ្កាន្ដនៅតាមបណ្តារាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ មូលដ្ឋាន និងតាមគ្រឹះស្ថានសិក្សាទាំងអស់ ដែលបានធ្វើឱ្យការរៀបចំសង្រ្កាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិជាលក្ខណៈមហាគ្រួសារខ្មែរបានរីកដុះដាល យ៉ាងគគ្រឹកគគ្រេង ទូទាំងប្រទេស ដែលនេះបង្ហាញពីសក្តានុពលនៃប្រជាជន និងភាពសម្បូរបែបនៃមរតកវប្បធម៌ខ្មែរដែលបានបន្សល់ទុកតៗជំនាន់មក។
ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការចូលរួម និងលះបង់របស់អ្នកទាំងអស់គ្នា។ កាយវិការ និងទឹកចិត្ត នៃការងារស្ម័គ្រចិត្តរបស់អ្នកទាំងអស់គ្នា គឺជាការរួមចំណែកលើកកម្ពស់ការគាំទ្រ គោរពស្រលាញ់ និងទទួលស្គាល់នូវតួនាទីរបស់ ស.ស.យ.ក. ក្នុងការបំពេញភារកិច្ចក្នុងកិច្ចការសង្គម៕

