
ប្រតិភូក្រសួងធនធានទឹក និងឧតុនិយមកម្ពុជា បំពេញទស្សនកិច្ចចុះស្វែងយល់ដោយផ្ទាល់ លើកម្មភាពគ្រប់គ្រងវិស័យធនធានទឹកនៅប្រទេសហុល្លង់

ភ្នំពេញ៖ លោក ចាន់ ស៊ីណាត រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម នៅ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ នេះ បានដឹកនាំគណៈប្រតិភូក្រសួង បន្តចុះស្វែងយល់ដោយផ្ទាល់លើសកម្មភាពគ្រប់គ្រងវិស័យធនធានទឹកក្នុងប្រទេសហុល្លង់។
ក្នុងឱកាសនោះ លោករដ្ឋលេខាធិការ និងគណៈប្រតិភូ បានអញ្ជើញចុះពិនិត្យ ត្រង់ចំណុចភូមិសាស្រ្តនៅក្បែរទីក្រុង Amsterdam ប្រទេសហុល្លង់ ដែលកាលពី ១៥ឆ្នាំមុន ជាបាតសមុទ្រហើយត្រូវបានអភិវឌ្ឍទៅជាចំការធូលីប(Tulip) ចំការដំឡូងបារាំង វាលស្រែស្រូវសាលី និងជាវាលដ៏ធំល្វឹងល្វើយសម្រាប់ ដាក់កង្ហារផលិតភ្លើងអគ្គិសនីលក់ជូនរដ្ឋ ដែលតំបន់នេះមានកម្រិតកម្ពស់ទាបជាងនីវ៉ូទឹកសមុទ្រចំនួន ៥ម៉ែត្រ។
ជាមួយគ្នានោះដែរ ភាគីកម្ពុជាក៏បានបន្តពិនិត្យមើល សារមន្ទីរការគ្រប់គ្រងទឹកតាមអាងទន្លេ និងតំបន់ទឹកសមុទ្រប្រទេសហុល្លង់ទាំងមូល និងស្ថានីយបូមទឹកដែលកំពុងតែធ្វើការយ៉ាងសកម្មក្នុងការបូមទឹកចេញពីទីក្រុង Amsterdam ជារៀងរាល់ថ្ងៃ ដើម្បីបញ្ចៀសជំនន់ដែលបង្កជាគ្រោះមហន្តរាយដល់សត្វ និងមនុស្សក្នុងទីក្រុង៕

