Cambodia Trending Close

ករណីរឹបអូសជន្លង់ម្រេចកសិករនៅមណ្ឌលគិរី មន្ទីរបរិស្ថានបញ្ជាក់ថា ជន្លង់ម្រេចទាំងនោះជាប្រភេទផ្ចឹក

ដោយ៖ គុជ ឥន្ទាវុធ ​​ | ម្សិលមិញ ម៉ោង 9:07 am សង្គម
ករណីរឹបអូសជន្លង់ម្រេចកសិករនៅមណ្ឌលគិរី មន្ទីរបរិស្ថានបញ្ជាក់ថា ជន្លង់ម្រេចទាំងនោះជាប្រភេទផ្ចឹក ករណីរឹបអូសជន្លង់ម្រេចកសិករនៅមណ្ឌលគិរី មន្ទីរបរិស្ថានបញ្ជាក់ថា ជន្លង់ម្រេចទាំងនោះជាប្រភេទផ្ចឹក

មណ្ឌលគិរី៖បន្ទាប់ពីមានការផ្សព្វផ្សាយនូវព័ត៌មានពីករណីកសិកករ សឿន នឿន ដែលអះអាងថាជម្លង់ម្រេចដែលគ្រោងនឹងលើកដាំនៅចម្ការនៅដើមរដូវវស្សានេះ ត្រូវបានសមត្ថកិច្ចធ្វើការរឹមអូសដោយមិនដឹងមូលហេតុនោះ មន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបញ្ជាក់អំពីរឿងនេះថា ជាបទល្មើសធនធានធម្មជាតិព្រោះជម្លង់ម្រេចទាំងនោះជាឈើអាប្រភេទលេខ១ (ផ្ចឹក) ហើយសមត្ថកិច្ចគឺអនុវត្តទៅតាមច្បាប់។

តាមរយៈសេចក្តីបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានបញ្ជាក់ជុំវិញករណីនេះថាមាន សារព័ត៌មានមួយចំនួន បានធ្វើការ ផ្សព្វផ្សាយព័ត៌មានមិនពិត នាំឱ្យសាធារណជនមានការភាន់ច្រឡំ ករណីសមត្ថកិច្ចរឹបអូសឈើជន្លង់ ម្រេច ក្នុងខេត្តមណ្ឌលគិរី នាពេលថ្មីៗកន្លងមកនេះ។ មន្ត្រីអនុវត្តច្បាប់ បានស្រាវជ្រាវយ៉ាងជិតដល់ ចំពោះបទល្មើសធនធានធម្មជាតិ មុននឹងធ្វើការរឹបអូសឈើជន្លង់ម្រេច ដែលជាឈើអារប្រភេទលេខ១ (ផឹក) ត្រូវបានដឹកជញ្ជូនចេញពីព្រៃ នៃដែនជម្រកសត្វព្រៃស្រែពក-ណាមលៀរ នៅក្នុងស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
ចំពោះករណីនេះ សមត្ថកិច្ចបានអនុវត្តតួនាទី និងភារកិច្ច ធ្វើការអនុវត្តវិធានការច្បាប់ ចុះបង្ក្រាប និងទប់ស្កាត់បទល្មើសដឹកជញ្ជូន ប្រមូលធ្វើសន្និធិ ឬប្រមូលសន្និធិផល និងអនុផលធនធាន ធម្មជាតិ ដោយគ្មានការអនុញ្ញាត ។

មន្ទីរបរិស្ថានខេត្តមណ្ឌលគីរី សូមធ្វើការបដិសេធចំពោះការផ្សាយរបស់សារព័ត៌មានមួយចំនួន ដែលស្រង់សំដីពីបុគ្គល អ្នកដាំម្រេចឈ្មោះ សឿន នឿន ក្នុងភូមិប៊ូស្រា ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី តែម្ខាង មិនបានឆ្លុះបញ្ចាំងការពិតជាក់ស្តែង ហើយបានធ្វើឱ្យសាធារណជន មាន ការភាន់ច្រឡំ ចំពោះសមត្ថកិច្ចចម្រុះ នៃគណៈបញ្ជាការឯកភាពខេត្តមណ្ឌលគិរី ដែលកំពុងខិតខំបំពេញ តួនាទីនិងភារកិច្ច ប្រកបដោយការទទួលខុសត្រូវខ្ពស់ ក្នុងបុព្វហេតុការពារ និងអភិរក្សធនធានធម្មជាតិ។

គួររំលឹកថា លោក សឿន នឿន អាយុ៤៧ឆ្នាំ ជាប្រជាកសិករមួយរូប ដែលប្រកបរបរកសិកម្មដាំដំណាំម្រេច មានទីលំនៅរស់នៅភូមិប៊ូស្រាឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី បានអះអាងប្រាប់ សារព័ត៌មានក្នុងស្រុក នៅថ្ងៃទី១ខែឧសភាឆ្នាំ២០២៥ថា ជន្លង់ម្រេចដែលគ្រោងនឹងលើកដាំលើទីតាំងដីចម្ការរបស់ខ្លួននៅដើមរដូវវស្សា ត្រូវបានសមត្ថកិច្ចចម្រុះរឹបអូសស្ទើរគ្មានសល់។ ការរឹបអូសនេះ ធ្វើឡើងកាលពីថ្ងៃទី ៣០​​ខែ មេសា ពុំមានវត្តគាត់នៅលើដីចម្ការនោះទេ។ កម្លាំងចម្រុះ មានទាំងរដ្ឋបាលព្រៃឈើ និងមន្ត្រីបរិស្ថានបានចាប់រឹបអូសឈើជន្លង់ម្រេចនៅលើដីចម្ការរបស់គាត់ជិត១០០០ ជន្លង់ស្ទើគ្មានសល់ដែលគ្រោងនឹងលើកដាក់ដាំបង្ហើយ។ បើតាមការកសិករដដែល រៀបរាប់ថា ការរឹបអូសនោះហាក់បីដូចជាមានការតក់ក្រហល់ ពោលមន្ត្រីជំនាញបានដឹកជញ្ជូនជន្លង់ម្រេចចេញពីដីចម្ការរបស់ខ្លួនទាំងយប់៕

អត្ថបទទាក់ទង