
បាតុភូតដ៏កម្រ រកឃើញការបង្កកំណើតផ្កាថ្ម ជាលើកទី២ ក្នុងសមុទ្រកម្ពុជា
ភ្នំពេញ៖ អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា សហការជាមួយ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការគាំទ្រពី Bubbles Up Dive Centre, Khmer Dive Group និងមូលនិធិសង្សារ បានបន្តធ្វើការ សិក្សាស្រាវជ្រាវអំពីការបង្កកំណើតរបស់ផ្កាថ្មប៉ប្រះទឹក នៅប្រជុំកោះរ៉ុងនៃប្រទេសកម្ពុជា នៅក្នុងអំឡុងខែកុម្ភៈ និង ខែមីនា ឆ្នាំ២០២៥ តាមការព្យាករណ៍ថាជារដូវបង្កកំណើតរបស់ផ្កាថ្ម។
នេះជាឆ្នាំទី២ហើយ ដែលក្រុមការងារចុះស្រាវជ្រាវអំពីការបង្កកំណើត របស់ផ្កាថ្មនៅសមុទ្រកម្ពុជា បន្ទាប់ពីបានរកឃើញជាលើកដំបូងនៅឆ្នាំ២០២៤ ហើយត្រូវបានរកឃើញសារជាថ្មីម្តងទៀតនៅក្នុងឆ្នាំ២០២៥។
ការរកឃើញការបង្កកំណើតផ្កាថ្មជាលើកទី២ នៅក្នុងឆ្នាំ២០២៥នេះ បានបង្ហាញពីភាពជោគជ័យនៃកិច្ចខិតខំប្រឹងប្រែងអភិ រក្សរួមគ្នារបស់ក្រសួង ស្ថាប័ន អាជ្ញាធរ និងអង្គការពាក់ព័ន្ធ ដែលបង្កលក្ខណៈអំណោយផលដល់ការរស់រានមានជីវិត របស់ផ្កាថ្មប៉ប្រះទឹកនៅប្រជុំកោះរ៉ុង ជួយឱ្យផ្កាថ្មមានភាពធន់ និងមានសុខភាពល្អ បើទោះបីជាផ្កាថ្មនៅតំបន់នេះ ធ្លាប់ទទួលរងផលប៉ះពាល់ពីព្រឹត្តិការណ៏នៃផ្កាថ្មប្រែពណ៌ស (Coral Bleaching Event) ក្នុងឆ្នាំ២០២៤ ក៏ដោយ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា លើកឡើងផងដែរថា “ការបង្កកំណើតផ្កាថ្ម ដែលជាបាតុភូតដ៏កម្រ ត្រូវបានរកឃើញជាថ្មីម្ដងទៀតក្នុងដែនសមុទ្រកម្ពុជា ក្នុងពេលដែលផ្កាថ្មនៅតំបន់មួយចំនួនកំពុងតែរងការគម្រាមកំហែងពីការសឹករិចរិល និងមួយចំនួនប្រឈមនឹងការបាត់បង់ ការរកឃើញការបង្កកំណើតផ្កាថ្ម២ឆ្នាំជាប់ៗគ្នា ឆ្លុះបញ្ចាំងឱ្យឃើញថា ក្សេតបរិស្ថានរបស់កម្ពុជា មានលក្ខណៈអំណោយផលដល់ផ្កាថ្ម ឱ្យរស់រានមានជីវិត មានសុខភាពល្អ និងអាចបង្កកំណើតបានថែមទៀត។
សម្តេចនាយករដ្ឋមន្រ្តី បានបន្តទៀតថា បាតុភូតដ៏សំខាន់នេះ សម្រេចបានដោយសារការប្ដេជ្ញាចិត្ត និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួង ស្ថាប័ន ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិពាក់ព័ន្ធនានា ជាសេនាធិការ ដើម្បីការពារធនធានជលផលបាតសមុទ្រនៅកម្ពុជាឱ្យមាននិរន្ដរភាព។
ក្រុមការងារកំពុងបន្តតាមដានសុខភាព និងស្ថានភាពនៃផ្កាថ្ម នៅក្នុងដែនសមុទ្រកម្ពុជាយ៉ាងយកចិត្តដាក់ ដើម្បីយល់ដឹងនិងកត់ត្រាទិន្នន័យអំពីការបង្កកំណើតរបស់ផ្កាថ្ម ដើម្បីជាទុនក្នុងការតាមដានដំណើរការនៃការបន្តពូជ និងការរស់រានមានជីវិតរបស់ផ្កាថ្មនៅក្នុងតំបន់៕
