
ក្នុងឆ្នាំ២០២៤ កំពង់ផែស្វយ័តភ្នំពេញ មាននាវាចូលប្រមាណ៥ពាន់គ្រឿង កើនចំណូល២០% កើនប្រាក់ចំណេញ៣៨% បើធៀបនឹងឆ្នាំ២០២៣

ភ្នំពេញ៖ កំពង់ផែស្វយ័តភ្នំពេញ បានចុះបញ្ជី និងឈរជើងលើផ្សារមូលបត្រកម្ពុជា បាន ១០ឆ្នាំមកហើយ ដោយក្នុងនោះ ស្ថានភាពភាគហ៊ុនរបស់កំពង់ផែស្វយ័តភ្នំពេញ មានទំហំជួញដូរសរុបប្រចាំឆ្នាំមានចំនួន ២៣៦ ១២៦ភាគហ៊ុន និងថ្លៃជួញដូរជាមធ្យមមានចំនួន ១៣ ៧២០រៀល ក្នុងមួយភាគហ៊ុន។
បើក្នុងរបាយការណ៍ឆ្នាំ២០២៤ កន្លងទៅ កំពង់ផែស្វយ័តភ្នំពេញទទួលបាននូវបរិមាណកុងតឺន័រចំនួន ៤៨០ ២០០TEUs កើនឡើងប្រមាណ ២១% ធៀបនឹងឆ្នាំ២០២៣ ក្នុងនោះបរិមាណទំនិញរាយ ប្រេង-ហ្គាស មានសរុបចំនួន ១៩៦៤ ៩១៥ តោន កើនឡើងប្រមាណ ១៧% ធៀបនឹងឆ្នាំ២០២៣ បរិមាណនាវាមានសរុបចំនួន ៥ ៦០២គ្រឿង កើនប្រមាណ៥២% ធៀបនឹងឆ្នាំ២០២៣ និងបរិមាណអ្នកដំណើរឆ្លងកាត់មានចំនួនសរុប ៣៦ ០២៤នាក់ កើនឡើងប្រមាណ ៤៣% ធៀបនឹងឆ្នាំ២០២៣ ទាំងអស់នេះបានធ្វើឱ្យ កំពង់ផែស្វយ័តភ្នំពេញ ទទួលបាននូវចំណូលសរុបកើនឡើងចំនួន ២០% បើធៀបនឹងចំណូល ប្រចាំឆ្នាំ២០២៣ ហើយប្រាក់ចំណេញក៏កើនឡើងប្រមាណ ៣៨% ធៀបនឹងផែនការឆ្នាំ ២០២៣ ផងដែរ។
លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ខណៈអញ្ជើញជាអធិបតីក្នុងមហាសន្និបាតភាគហ៊ុនិកលើកទី១០ របស់កំពង់ផែស្វយ័តភ្នំពេញ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការចូលរួមវិនិយោគរបស់កំពង់ផែស្វយ័តភ្នំពេញ លើគម្រោងព្រែកជីកហ្វូណនតេជោ ដែលជាគម្រោងប្រវត្តិសាស្ត្ររបស់កម្ពុជា ក្រោមគំនិតផ្តួចផ្តើមដ៏ខ្ពង់ខ្ពស់បំផុតរបស់ សម្តេចតេជោប្រធានព្រឹទ្ធសភា និងត្រូវបានបន្តជំរុញការអនុវត្តដោយ សម្តេចធិបតី នាយករដ្ឋមន្ត្រី។
លោករដ្ឋមន្រ្តី ក៏បានសម្តែងការគាំទ្រ និងថ្លែងអំណរគុណចំពោះ ជាសមាជិកក្រុមប្រឹក្សាភិបាលកំពង់ផែស្វយ័តភ្នំពេញ ដែលខិតខំប្រឹងប្រែងដឹកនាំ កំពង់ផែស្វយ័តភ្នំពេញ ឱ្យមានភាពរីកចម្រើនជាបន្តបន្ទាប់ និងសូមអរគុណចំពោះថ្នាក់ដឹកនាំ កម្មករ-និយោជិតទាំងអស់ ដែលបានចូលរួមអនុវត្តការងារយ៉ាងសកម្ម ធ្វើឱ្យកំពង់ផែស្វយ័តភ្នំពេញសម្រេចបានលទ្ធផលការងារគួរជាទីគាប់ប្រសើរជារៀងរាល់ឆ្នាំ។
គួរបញ្ជាក់ថា កំពង់ផែស្វយ័តភ្នំពេញ មានផែនការយុទ្ធសាស្ត្ររយៈពេលវែងគឺ គម្រោងអភិវឌ្ឍន៍ចំណតផែរណបតាមដងទន្លេនៅតាមបណ្តាទីតាំងចំនួន ៧ រួមមាន៖ ចំណតផែរណបពហុបំណងក្រចេះ ចំណតផែរណបពហុបំណងបឹងកេត ចំណតផែរណបពហុបំណងចុងឃ្លៀស ចំណតផែរណបពហុបំណងកំពង់ឆ្នាំង ចំណតផែរណបពហុបំណងកំពង់លែង ចំណតផែរណបពហុបំណង ព្រែកក្តាម និងចំណតផែរណបពហុបំណងសុវណ្ណភូមិ ដើម្បីបង្ខិតសេវាកម្មរបស់កំពង់ផែស្វយ័តភ្នំពេញឱ្យកាន់តែកៀកអតិថិជន និងជំរុញការនាំចេញកសិផលតាមតំបន់នីមួយៗបន្ថែម ទៀត ជាពិសេសការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនតាមផ្លូវទឹកនៅពេលគម្រោងព្រែកជីកហ្វូណនតេជោ បើកឱ្យដំណើរការជាផ្លូវការ៕

